គ្មាន​មូលដ្ឋាន​យោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ច្រានចោល​ភ្លាមៗ​នូវ​ព័ត៌មាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​បរទេស​ដែល​បាន​ផ្សាយ​ថា បរទេស​កំពុង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​មូលដ្ឋាន​យោធា​ដែលថា ឈានទៅ​បង្កើតជា​សង្គ្រាមត្រជាក់រ​វាង ចិន និង​សហរដ្ឋអាមេរិក​។​

ក្រសួងការពារជាតិ​ក​ម្ពុ​ជា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានចេញ​សេចក្ដីថ្លែងការណ៍​ដោយ​ច្រានចោល​ព័ត៌មាន​ខាងលើនេះ ហើយ​បានចាត់ទុក​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស Asian Times ថា ជា​ព័ត៌មាន​ក្លែងក្លាយ ប៉ះពាល់​ដល់​កិត្យានុភាព​វិស័យ​យោធា និង​គោលការណ៍​អព្យាក្រឹត​របស់​កម្ពុជា​។

ក្នុង​សេចក្ដីថ្លែងការណ៍​ថា បាន​បញ្ជាក់ថា កម្ពុជា​មិនបាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់ ឬ​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ធ្វើជា​មូលដ្ឋាន​យោធា​នោះឡើយ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យ​ដឹងថា ក្នុងជំនួប​មួយ​ជាមួយ រដ្ឋមន្ដ្រីការបរទេស លោក ប្រាក់ សុខុន កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​សិង្ហ​បុរី​នោះ អនុ​រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក John Sullivan ក៏បាន​លើក ពី​បញ្ហា​នេះ​ទៅកាន់​ភាគី​កម្ពុជា​ផងដែរ ដោយ​ថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង ប្រទេស​ទាំងពីរ​។​

​ប៉ុន្ដែ លោក ប្រាក់ សុខុន ក៏បាន​ច្រានចោល​ដោយ​ថា គ្មាន​ការរៀបចំ​មូលដ្ឋាន​កងទ័ព ជើង​ទឹក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នោះទេ​។ លោក​ចាត់ទុកថា នេះ​ជា​ពាក្យ​ច​ចាម​រាម​ដែល​កើតចេញពី​ទំហំ​វិនិយោគ​ដ៏​ធំ​របស់​ចិន នៅក្នុង​តំបន់​នេះ​តែប៉ុណ្ណោះ​។​

​ចំណែក​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ថ្លែង​នៅថ្ងៃនេះ​ដែរ​ដោយ​សម្តេច​បញ្ជាក់ ថា តើ​កម្ពុជា​មានការ​ចាំបាច់​រំលោភ​រដ្ឋធម្មនុញ្ញ​ខ្លួន អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​លើទឹក​ដី​កម្ពុជា​ឬទេ​?”​សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ក្នុង​កិច្ច ប្រជុំ​គណៈរ​ដ្ម​មន្ត្រី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩ ខែវិច្ឆិកា នេះ ។​

​សម្តេច​មានប្រសាសន៍ថា តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស​ដើម្បី​ច្បាំង​ជា មួយ​អ្នកណា​? ហើយ​ខ្ញុំ ក៏​មិន​ត្រូវការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា​ដូច​កាលពី​អតីតកាល​ទេ ក៏ដូចជា​មិនត្រូវ​ការ​ឲ្យ​កម្ពុជា ជាទី​លាន​សាកល្បង​មនោគមន៍វិជ្ជា ឬ​អាវុធ​ឡើយ ។​

​សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា យើង​ចង់​ចងមិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​សកលលោក ។ កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ៕