ឧត្តរមានជ័យ ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ករណីពលរដ្ឋកាប់ឈើក្រញូងនៅតាមបន្ទាត់ព្រំដែន និងការលួចឆ្លងដែនចូលទៅកាប់ដល់ក្នុងទឹកដីថៃ ដោយសារមានការលួចបើកដៃពីមន្ត្រីនៅព្រំដែន។ សម្តេចក្រឡាហោម បានលើកឡើងពីបញ្ហានេះ ខណៈអញ្ជើញចូលរួមពិធីប្រកាសតែងតាំង លោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨។
សម្តេចក្រឡាហោម បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធនានា នៅតាមព្រំដែន ថា ច្រករបៀងមិនមែនជាច្រកស្របច្បាប់ទេ ដូច្នេះករណីពលរដ្ឋចំណាកស្រុកដែលមកពីបណ្តាខេត្តនានាក្នុងផ្ទៃប្រទេសចេញទៅថៃតាមច្រករបៀង គឺខុសច្បាប់ ដែលមួយថ្ងៃៗភាគីថៃបានចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ពី ៨០នាក់ទៅ ១០០នាក់។
ជាមួយនឹងការស្នើឲ្យបិទច្រករបៀងទាំងអស់ សម្តេចក្រឡាហោម ក៏បានជំរុញឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ដែលទើបតែងតាំងថ្មីនេះ ទប់ស្កាត់ឲ្យបាននូវបញ្ហាអវិជ្ជមានខាងលើនេះ ដើម្បីធានាដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដើម្បីការពារនូវកិត្យានុភាពរបស់ជាតិ៕