រដ្ឋមន្ត្រីការទូតកម្ពុជា ប្រាប់មន្ត្រីទូតអាមេរិក ថា កម្ពុជាមិនអនុញ្ញាតឱ្យមានទ័ពបរទេសទេ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាថា តាមរដ្ឋធម្មនុញ្ញ កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជាទេ ហើយក៏មិនអនុញ្ញាតឱ្យកងទ័ពកម្ពុជា នៅលើដីប្រទេសដទៃនោះដែរ លើកលែងតែបេសកកម្មមនុស្សធម៌ ក្រោមទង់របស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ការបញ្ជាក់ជំហជាថ្មីរបស់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ថែមលើប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱ្យកងទ័ពបរទេសណាមកបោះមូលដ្ឋានទ័ព និងច្បាំងគ្នានៅលើទឹកដីកម្ពុជា ដូចកាលពីអតីតកាលទេ និងមិនត្រូវការឱ្យយកកម្ពុជាធ្វើជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ៕