ដឹក​ប្រពន្ធ​ចេញពី​ធ្វើការ​ត្រូវ​រថយន្ត​ទេសចរណ៍ បុក​ពីក្រោយ​ធ្លាក់​ប្រពន្ធ​ចូល​ក្រោម​ឡាន​កិន​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ក្រុមហ៊ុន​ទេសចរណ៍​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ប្តី​ប្រពន្ធ​មួយគូរ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ​បណ្តាល​អោយស្លាប់​ប្រពន្ធ ប្តី​រងរបួស​ស្រាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​០០​នាទី ល្ងាច​ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង (​ផ្លូវ​៣០​ម៉ែត្រ​) ក្នុងភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ​មួយគូរ​បាន​ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង ម៉ាក MSX​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD4854 ឌុប​គ្នា​ចេញពី​ធ្វើការ​រោងចក្រ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្តក្រុង​ប្រភេទ​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយគ្រឿង​ពណ៍​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.5112​បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​យ៉ាង​លឿន ហើយ​ទំនង​ចាប់​ហ្វ្រាំង​មិនទាន់​ក៏បាន​ជ្រុល​ល្បឿន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ខ្ទាតចូល​ក្រោម​កង់​រថយន្ត​កិន​ធ្លាយ​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ រីឯ​ប្តី​បាន​រងរបួស​ស្រាល ចំណែក​ម៉ូតូ​ត្រូវបាន​រថយន្ត​អូស​ក្រោយ​រថយន្ត​ជាច្រើន​ម៉ែត្រ​បណ្តាល​ឆាបឆេះ​ខ្ទេច​តែម្តង ។

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឆ​កា​ហៅ​យ៉ាន​អាយុ​៣១​ឆ្នាំ​មុខរបរ​កម្ម​ករនី​រោងចក្រ​ស្នាកនៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ទួល​ពង្រ​សង្កាត់​ចោមចៅ​០១​ខណ្ឌ​ពោធិ​សែន​ជ័យ​។

​ក្រោយ​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នឹង​បាន​ទំនាកទំនង​ទៅ​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ចំណែក​សាកសព​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕