ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯ.ឧ. វេង សាខុន នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារ និងរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ការបង្កបង្កើនផលស្រូវ នាចុងរដូវវស្សា និងរដូវប្រាំង ឆ្នាំនេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ការបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០១៨ នេះ សម្រេចបាន២ ៧៣៥ ៨៤០ ហិកតា ស្មើនឹង១០៨.៨៣%នៃផែនការ។ ដោយឡែក ការបង្កបង្កើនផលស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០១៨ នេះ ទើបអនុវត្តបាន១៤០ ៥៥៤ហិកតា ស្មើនឹង៣១.៤១% នៃផែនការប៉ុណ្ណោះ។
ក្រសួងកសិកម្ម បញ្ជាក់ថា ដោយសារ កន្លងមក កម្ពុជាជួបគ្រោះរាំងស្ងួតនៅតំបន់មួយចំនួន រួមទាំងគ្រោះទឹកជំនន់ផង បានបំផ្លាញដំណាំស្រូវអស់ប្រមាណ ២៩០.៥២៨ ហិកតា ទើបក្រសួងដាក់ចេញវិធានការដូចខាងលើនេះ សម្រាប់ការងារបង្កបង្កើនផលចុងរដូវវស្សា និងដើមរដូវប្រាំងនេះ ដើម្បីទប់ស្កាត់ការបាត់បង់បរិមាណ និងគុណភាពស្រូវ ឆ្នាំ២០១៨ នេះ៕