ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ព្រះអង្គទ្រង់យាងទតព្រះរាជពិធីប្រណាំងទូក នៅលើវេទិកាព្រះពន្លាជ័យ មុខព្រះបរមរាជវាំង ព្រះអង្គដងកើដងទន្លេសាប។ ជាមួយគ្នានេះ ព្រះអង្គនឹងប្រទានពានជ័យលាភី ដល់ទូកដែលទទួលបានជ័យលាភី បន្ទាប់ពីការប្រណាំងចប់ផងដែរ។
លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការ ប្រកួត ទូក បានបញ្ជាក់ឥ្យដឹងថា ទូកដែលបានមកចូលរួមប្រណាំងនៅឆ្នាំ២០១៨ នេះ មានចំនួន ២៩៥ ទូក មានកីឡាករ កីឡាការិនីចំនួន សរុប ១៩.០១៧នាក់ និងកម្លាំងត្រៀមបំរុងចំនួន ៣.៥២៥នាក់។
លោក ប៊ូ ជុំសេរី បន្ថែមថា ចំនួនទូកចូលរួមឆ្នាំនេះ គឺច្រើនជាងឆ្នាំមុន ចំនួន២៥ទូក ខណៈដែលឆ្នាំ មុនមានតែ២៧០ទូក ក្នុងនោះមានទូកអុំបុរសចំនួន១៦៣ទូក, ទូកអុំនារីចំនួន១ទូក, ទូកចែវ បុរស ចំនួន ៣២ទូក, ទូកចែវនារីមានចំនួន ១ទូក, ទូកអុំខ្នាតអន្តរជាតិបុរស៩៦ទូក និងទូកអុំខ្នាត អន្តរ ជាតិនារីចំនួន០២ទូក។ ក្នុងចំណោមទូកទាំង២៩៥ទូក ដែលបានមកចូលរួមប្រកួតនាឆ្នាំនេះ មាន ទូករបស់រាជធានីភ្នំពេញចំនួន៤៦ទូក, ខេត្តកណ្ដាល៧៣ទូក, កំពង់ចាម៤០ទូក, ត្បូងឃ្មុំ៩ ទូក, កំពង់ធំ១០ទូក, ព្រៃវែង៤២ទូក, កំពង់ឆ្នាំង២៩ទូក, ក្រចេះ១៥ទូក, តាកែវ៤ទូក, ខេត្ត បាត់ ដំបង ៤ទូក, ខេត្តស្វាយរៀមាន២ទូក, បន្ទាយមានជ័យ១ទូក, ព្រះវិហារ២ទូក, ខេត្តមណ្ឌលគីរី១ ទូក, ខេត្តស្ទឹងត្រែង១ទូក, ខេត្តកំពត១ទូក, ខេត្តកំពង់ស្ពឺ៣ទូក, ខេត្តពោធិ៍សាត់៣ទូក, ទីស្ដីការ គណៈ រដ្ឋមន្ត្រី១ទូក, បញ្ជាការដ្ឋានកងទ័ពជើងទឹក២ទូក, បញ្ជាការដ្ឋានកងទ័ពជើងគោក១ទូក, កងរាជ អាវុធហត្ថលើផ្ទៃប្រទេសមាន២ទូក, កីឡានគរបាលជាតិ១ទូក និងវត្តមហោនន្ទិយនេញ្ចរារាមនិវេទ (ហៅវត្តព្រែកប្រាំង) ចំនួន៤ទូកផងដែរ។
មន្ត្រីរូបនេះបានបញ្ជាក់ថា នៅរសៀលថ្ងៃបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអក អំបុក សំពះព្រះខែ នេះ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានយាងប្រទានពានជ័យលាភី ជូនកីឡាករទូក ង ដែលទទួលបានជ័យជម្នះក្នុងការប្រកួតប្រណាំងអស់រយៈពេលបីកន្លងមកនេះផងដែរ។
សូមជម្រាបថា ២ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក គឺថ្ងៃទី២១ និង ២២ ខែវិច្ឆិកា មានករណីលិចទូក ចំនួន ៨លើក ក្នុងនោះ នៅថ្ងៃដំបូង មាន៧លើក និងថ្ងៃទី២ មាន ១លើក តែមិនបង្កឲ្យមាន គ្រោះ ថ្នាក់ដល់មនុស្សទេ។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃ២១ និង២២ វិច្ឆិកា របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ៕