កំពង់ចាម ៖ លោក កៅ គឹម ឃន នាយប៉ុស្តិ៍ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅមោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែ១១ឆ្នាំ២០១៨ នេះ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន៤នាក់ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង និងឃាត់ខ្លួនមនុស្សបានចំនួន១៥នាក់ ម៉ូតូចំនួន១៤គ្រឿង និងសម្ភារៈមួយចំនួន នៅចំណុចចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោក កៅ គឹម ឃន នាយប៉ុស្តិ៍ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា នៅចំណុចចម្ការស្វាយចន្ទីមួយកន្លែង ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ជាប់ព្រុំប្រទល់ឃុំគោករវៀង និងឃុំត្រនប់ ស្រុកបាធាយ មានករណីបើកល្បែងអាប៉ោង និងភ្នាល់បញ្ជល់មាន់ទ្រង់ទ្រាយធំ លោកក៏បានរៀបចំកម្លាំងចំនួន៤នាក់ ចុះទៅកាន់ទីនោះ ដោយបាន បង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់បានចំនួន១៥នាក់ ម៉ូតូចំនួន១៤គ្រឿង និងសម្ភារៈមួយចំនួន។
នាយប៉ុស្តិ៍ ខ្នុរដំបង លោក កៅ គឹមឃន បានប្រាប់អ្នកយកព័ត៌មាន មេគង្គប៉ុស្តិ៍ ថា ការចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់១កន្លែងនេះ គឺមានជូបបញ្ហាខ្លះៗ តែនេះជាបទបញ្ជារបស់លោកអធិការដ្ឋាន នគរបាលស្រុកជើង ក៏ដូចបទបញ្ជាលោកស្នងការខេត្តកំពង់ចាមផងដែរ។ យ៉ាងណាក៏ដោយ លោកនាយប៉ុស្តិ៍ កៅ គឹមឃន មិនបានបញ្ជាក់ពីការលំបាកស្មុគស្មាញចំពោះការចុះបង្ក្រាបនោះថា បណ្តាលមកពីបញ្ហាអ្វីនោះទេ ដោយលោកគ្រាន់តែលើកឡើងថា ទីតាំងល្បែងបញ្ជល់មាន់ខុសច្បាប់នោះ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ដែលមានភូមិសាស្ត្រជាប់គ្នានឹងឃុំគោករវៀង និងឃុំត្រនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោកនាយប៉ុស្តិ៍ ខ្នុរដំបង បានបន្តថា ម៉ូតូទាំង១៤គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សារទុក នៅអធិកាដ្ឋាននគរស្រុកជើងព្រៃ ជាបណ្តោះអាសន្ន ចំណែកអ្នកលេងល្បែងទាំង១៥នាក់នោះ ត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់បង្កើតល្បែងស៊ីសងបន្តទៀត ហើយក្នុងករណីមានជាលើកទីពីរ នោះសមត្ថកិច្ចនឹងមិនអនុគ្រោះទៀតឡើយ និងអាចបញ្ជូនសំណុំរឿងទៅថ្នាក់លើ ដើម្បីចាត់វិធានការបន្តទៅតាមផ្លូវច្បាប់។
នាយប៉ុស្តិ៍ ខ្នុរដំបង លោក កៅ គឹមឃន បានបន្ថែមថា នៅក្នុងថ្ងៃដដែលនេះ មនុស្សដែលបានឃាត់ខ្លួនទាំង១៥នាក់នោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញអស់ហើយ បន្ទាប់ពីបានចុះកិច្ចសន្យារួចរាល់។
ជាមួយគ្នានេះដែរលោក កៅ គឹមឃន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដោយធ្វើសេចក្តីរាយការណ៍ជាចំហ ឬដោយសម្ងាត់ពាក់ព័ន្ធនឹងបទល្មើសនានា ដើម្បីរួមចំណែកអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងថែរក្សាសន្តិសុខក្នុងមូលដ្ឋានឲ្យបានពេញលេញ ដែលជាគោលដៅសំខាន់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕ ដោយ ៖ សុផល