ខេត្តព្រះសីហនុ ៖ បុរស២នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីប្លន់យករថយន្តទំនើបមួយគ្រឿងពីក្នុងផ្ទះមន្ត្រីយោធាម្នាក់នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅនេះ។
ប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥:៣០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ សុផន ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់រថយន្ដ)របស់មន្ត្រីយោធាម្នាក់ ដែលប្រព្រឹត្តនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានដកហូតរថយន្ដមួយគ្រឿង ម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718 ។
បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំ កម្លាំងការិយាល័យបានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ហុង សារឿន អាយុ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លីមួយដើម ដែលប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ដែលដាក់ក្នុងកំសៀវកប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាកC2075 លេខA257297 បង់មួយ មានគ្រាប់១០គ្រាប់ ។
បើតាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុង សារឿន កាលពីអំឡុងឆ្នាំ២០០០ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់ទៅលើមនុស្ស២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយប្រើកាំភ្លើងវែងម៉ាក AK47 នៅភូមិរវាង ស្រុកទ្រាំង ខេត្តតាកែវ និងបានជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០០ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅពន្ធនាគារ ខេត្តតាកែវ។
ដោយឡែកឈ្មោះ ឡាយ សុផល ក៏ធ្លាប់ជាប់ពន្ធនាគារ១១ឆ្នាំផងដែរ ពីបទប្លន់ នៅឆ្នាំ២០០០ ដល់ឆ្នាំ២០១១ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
ក្រោយការឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទាំង២នាក់ និងសម្ភារៈដកហូតខាងលើ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ រួចបានប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណីចាត់ការបន្ដតាមនីតិវិធី៕