ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប បានធ្វើការបិទផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតថ្មី និងអ្នកដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ។
ការបិទផ្សាយបញ្ជីឈ្មោះនេះ គឺធ្វើឡើងនៅតាមឃុំ-សង្កាត់ នីមួយៗទូទាំងប្រទេស បន្ទាប់ពី គ.ជ.ប បានបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៨ កាលពីជាងពាក់កណ្តាលខែតុលាកន្លងមកនេះ។
បើតាម គ.ជ.ប ការបិទផ្សាយបញ្ជីនេះ គឺបើកឲ្យមានការប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងយូរ៥ថ្ងៃចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា នេះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ បើសិនជាបានពិនិត្យឃើញថា មានករណីខុសឆ្គងដោយប្រការណាមួយនោះ។
ក្រោយពីបញ្ចប់ការចុះឈ្មោះអ្នកបោះឆ្នោតថ្មី កាលពីថ្ងៃទី១៨ ខែតុលា កន្លងមក អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបឆ្នាំ២០១៨ បានកើនឡើងដល់ ៨.៥៤៤.៨៨៥នាក់ ពោលគឺកើនឡើងប្រមាណ២សែននាក់ បើធៀបនឹងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលមានចំនួន ៨.៣៨០.២១៧ នាក់៕