ភ្នំពេញ៖ កប៉ាល់បណ្តែតប្រទីបមួយគ្រឿងបានលិចចូលទៅក្នុងទឹកទន្លេចតុមុខ ខណៈដែលកម្មករកំពុងតែធ្វើរុះរើ ក្រោយពេលពិធីបុណ្យអុំទូកត្រូវបានបញ្ចប់កន្លងផុត៣ថ្ងៃ ក្នុងហេតុការណ៍នេះសំណាងល្អមិនបណ្តាលអោយមាននរណាម្នាក់រងរបួសទេ។
ហេតុកាណ៍នេះ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកទន្លេចតុម្មុខត្រើយខាងលិច ដែលស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា កប៉ាល់នេះ ទើបតែធ្លាយលិចប្រមាណជាង ១ម៉ោងមុនពេលមានការភ្ញាក់ផ្អើល ទើបមានអ្នករាយការណ៍ជូនទៅអាជ្ញាធរមកចុះត្រួតពិនិត្យ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុមានកម្មករ២ទៅ៣កំពុងធ្វើការរុះរើ គ្រោងដែកប្រទីប ភ្លាមនោះស្រាប់តែកប៉ាល់ខាងលើស្រុតចូលទៅក្នុងទឹកផ្នែកខាងក្រោយ ទើបនាំគ្នាប្រញាប់ប្រញាល់រត់ឡើងលើគោកតែម្តង។
ប្រភពពីអ្នកគ្រប់គ្រងកប៉ាល់ដែលលិចខាងលើបានអោយដឹងថា កប៉ាល់នេះ ជាកាប៉ាល់បណ្តែតប្រទីប សំរាប់ពិធីបុណ្យអុំទូក ដែលទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហើយប្រទីបនេះ តំណាងអោយក្រសួងយុត្តិធម៌។ ប្រភពដដែលបានបន្ថែមទៀតថា មូលហេតុនៃការលិចនេះ សង្ស័យមកពីកប៉ាល់បានចតអែមច្រាំងទន្លេពេក ហើយនៅពេលដែលទឹកស្រក អាចនឹងកល់ជាមួយដុំថ្ម ទើបបណ្តាលអោយមានទឹកជ្រាបចូលបន្តិចម្តងៗ រហូតលិចតែម្តង។ ទោះយ៉ាងណាកប៉ាល់នេះ ត្រូវបានកម្មករយកខ្សែចងជាប់នឹងបង្កាន់ដៃច្រាំង មិនអោយលិចទៅបាត់ ឬអណ្តែតតាមខ្សែទឹកនោះទេ ហើយសម្ភារៈមានការខូចខាតនិងបាត់បង់មួយចំនួន។
ក្រោយពេលហេតុការណ៍នេះ អាជ្ញាធរដែនដី មានសមត្ថកិច្ចបានចុះមកត្រួតពិនិត្យផងដែរ និងបានសហការជាមួយក្រុមជំនាញដើម្បអូសយកកប៉ាល់ នេះឡើងលើគោក (ឡើងអ៊ូ)ដើម្បីធ្វើការជុសជួលឡើងវិញ៕