ភ្នំពេញ ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យដើមឈើមួយគគីរមួយដើមបាក់កាត់ទទឹងផ្លូវសង្កត់រថយន្តចំនួន៣គ្រឿងរងការខូចខាតតែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងលសយឡំនឹងខ្យល់កន្ត្រាក់មួយបានបក់បោកយ៉ាងខ្លាំង ដោយបណ្ដាលឲ្យដើមគគីរបានបាក់សង្កត់ទៅលើរថយន្តចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តទី១ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ 2L-2905, រថយន្តទី២ម៉ាក តូយ៉ូតាស្តារិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-7312 និងរថយន្តទី៣ម៉ាក លុចស៉ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7668 ឲ្យរងការខូចខាតយ៉ាងដំណំ ហើយមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយ។
បន្ទាប់ពីកើតហេតុ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឱ្យកម្លាំងសន្តិសុខសាលាខណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ នឹងកាប់ដើមឈើដែលបានដួលរលំសង្កត់ទៅលើរថយន្តចំនួន ៣គ្រឿងនោះចេញពីផ្លូវ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានយករថយន្តទាំង ៣គ្រឿងដែលរងការខូចខាតនោះ យកទៅធ្វើកំណត់ហេតុនៅឯសាលាខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕