ភ្នំពេញ៖លោក ជូង ជូងី មេធាវីការពារក្ដីឲ្យសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា ការដែលតុលាការពន្យាពេលសាកសួរកូនក្ដីរបស់លោកម្ដងហើយម្ដងទៀតគឺបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្ដីរបស់លោកយ៉ាងខ្លាំង ។
លោក ជូង ជូងី បានថ្លែងដូចនេះនៅចំពោះមុខអ្នកសារព័ត៌មានបន្ទាប់ចេញពីសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃអង្គារនេះ ។លោកថា តុលាការបានសាកសួរតែសកម្មជនតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមសកម្មជនទាំង១១នាក់ដែលចូលខ្លួនមកបំភ្លឺនៅថ្ងៃនេះ ។
គួរជម្រាបថា តុលាការរាជធានីភ្នំពេញបានតម្រូវឲ្សកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិដែលជាកូនក្ដីរបស់លោក ជួង ជូងី ទាំង១១នាក់ អោយចូលមកបំភ្លឺជាថ្មីទៀតនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ ។
លោក ជូង ជូងី បានលើកឡើងថា ព្រឹកម៉ិញនេះ តុលាការសួរដេញដោលដើម្បីរកថាតើជនទាំង១១នាក់នោះមានកំហុសឬយ៉ាងណា ។កន្លងមក សកម្មជនទាំងនោះត្រូវបានចោទពីបទដឹកនាំ និងចូលរួមធ្វើកុប្បកម្មនៅជិតទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ។
ជនត្រូវចោទ អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់បានថ្លែងបន្ទាប់ចេញពីសវនាការថា រូបលោក និងសកម្មជន ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀតនៅតែជា ចំណាប់ខ្មាំងរបស់អ្នកនយោបាយ ហើយតុលាការនឹងមិនទម្លាក់ការចោទប្រកាន់មកលើពួកលោកនៅមុនការបោះឆ្នោត ឆ្នាំ២០១៨នោះទេ ។
គួររំលឹកថា បន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ដែលរួមទាំងមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិផងគឺ លោក មាជ សុវណ្ណារ៉ា ត្រូវតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺពីរដងហើយ គឺនៅថ្ងៃទី១៩ និងទី២៦ ខែឧសភានេះ ។
ទោះជាយ៉ាងនេះក្តី គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលតែងតែអះអាងថា ខ្លួនមិនមានពាក់ព័ន្ធ ឬជ្រៀតជ្រែកនឹងវិធានការរបស់តុលាការទៅលើសកម្មជនទាំងនោះទេ ហើយថាចំណាត់ការរបស់តុលាការគឺធ្វើទៅតាមនីតិវិធី ៕ខ រ