»
ខេត្តតាកែវ ៖ សមត្ថកិច្ចចម្រុះ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបក្រុមសង្គមងងឹតចិន ចំនួន ៤ ទីតាំងផ្សេងគ្នាក្នុងខេត្តតាកែវ ឃាត់ខ្លួនជនជាតិចិនចំនួន ២៣៥នាក់ ពាក់ព័ន្ធករណីការប្រើប្រាស់ ទឹកដីកម្ពុជាជាមូលដ្ឋាន ដើម្បីជំរិតទារប្រាក់តាមប្រព័ន្ធ វីអូអាយភី (VOIP) ទៅប្រទេសចិន។
តាមរបាយការណ៍បានឲ្យដឹងថា ករណីបង្ក្រាបចំនួន៤ទីតាំងផ្សេងគ្នានោះ ដូចជា ២ទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៧៥ នាក់ (ស្រី៧នាក់)និង២ទីតាំងទៀត ស្ថិតនៅឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន១៦០នាក់ (ស្រី២៩នាក់) សរុប ទាំង៤ ទីតាំង មានចំនួន ២៣៥នាក់ ក្នុងនោះស្រី ៣៦នាក់)។
បច្ចុប្បន្នជនជាតិចិនទាំងអស់នោះ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តអនុវត្តន៍នីតិវិធី ដែលពាក់ព័ន្ធនឹងជនបរទេស៕