ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំកិច្ចពិភាក្សាមួយជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជជែកពិភាក្សាអំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ការគ្រោងជួបគ្នារវាងរដ្ឋមន្ត្រីទាំង ៣ក្រសួងនេះ គឺបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីជលផល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ច្បាប់ស្តីពីព្រៃឈើ ច្បាប់ធនធានធម្មជាតិ និងច្បាប់ស្ដីពីជលផល បានធ្វើយូរហើយ គឺពីរបីឆ្នាំហើយ ដែលតួនាទីសម្តេចក្រឡាហោម ស ខេង ត្រូវបានប្រគល់ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលសម្តេចតេជោធ្វើជាអធិបតីក្នុងទិវាមច្ឆជាតិ នៅខេត្តស្វាយរៀងកាលពីឆ្នាំ២០១១ ដោយប្រគល់ជូនសម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាការជាតិសម្រាប់អនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីដឹកនាំការកែច្បាប់ហ្នឹង។ តែដោយសារវាមានភាពសាំញាំ យើងបានសិក្សាជាបន្តបន្ទាប់មក»៕