ខេត្តកំពង់ស្ពឺ ៖ កំលាំងជំនាញផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្ដិការបំបែកសំណុំរឿងករណីឆបោកប្រាក់ជាប្រព័ន្ធដែលមានលក្ខណៈអង្គការចាត់តាំងច្បាស់លាស់ក្នុងការទំនាក់ទំនងជាមួយម្ចាស់បំណុលនិងភ្នាក់ងារផ្នែកកម្ចីឥណទានហៅកាត់(CO)ក្លែងក្លាយ ហើយចាត់តាំងមនុស្សអោយធ្វើជាកូនបំណុលដែលត្រូវខ្ចីប្រាក់ដើម្បីយកទៅបង់ផ្ដាច់នៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយចំនួន។
ការប្រតិបត្តិការណ៍នេះដែល ក្រោមកិច្ចដឹកនាំដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កំលាំងជំនាញសន្ដិសុខខេត្តកំពង់ស្ពឺបានឃាត់ខ្លួនមនុស្សមួយក្រុមមានចំនួន ០៧នាក់ ប្រុសម្នាក់ ជាអ្នកដឹកជញ្ជូនមធ្យោបាយក្នុងការងារនោះ។
នគរបាលជំនាញបាននិយាយថាក្រុមជនសង្ស័យដែលឃាត់ខ្លួន
រួមមាន ៖ ទី០១-មានឈ្មោះ ភឿង សុភ័ន ភេទ ស្រី អាយុ ២៥ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្ថិតនៅផ្ទះជួលម្ដុំហាងខារាអូខេរស្មីអង្គរ (ជាមេក្លោង) មានមុខរបរ អ្នករកសុីចងការប្រាក់និងផ្ដល់សេវាបង់ផ្ដាច់តាមធនាគារ ទី០២-ឈ្មោះ នី វណ្ណារី ភេទ ស្រី អាយុ ៣១ឆ្នាំ ទីលំនៅភូមិផ្សារគីឡូលេខ៩ សង្កាត់ច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាមេក្លោង) ទី០៣-ឈ្មោះ ភឿង ចាន់ឌី ភេទ ស្រី អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក)ដើរតួរជាអ្នកខ្ចីប្រាក់កូនបំណុលជាបងបង្កើតឈ្មោះភឿង សុភ័ន ទី០៤-ឈ្មោះ អ៊ូច សុភា ភេទ ស្រី អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្តាន់រោយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (រួមគំនិតក្នុងអំពើឆបោក) ៥-ឈ្មោះ ស៊ឹម លាប ភេទ ស្រី អាយុ ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រួមគំនិតក្នុងអំពើឆបោក) ៦-ឈ្មោះ ប៉ែន ស្រីមាន ភេទ ស្រី អាយុ ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី សង្កាត់ផ្សារដីហុយ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (រួមគំនិតក្នុងអំពើឆបោក) ៧-ឈ្មោះ ផូ ថេងភេទ ប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរកាជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកផ្តល់មធ្យោបាយ (សមគំនិត អ្នករត់កង់បី)និងបុគ្គល០២នាក់ទៀតកំពុងគេចខ្លួន តាំងខ្លួនជាភ្នាក់ងាររបស់ធនាគារ(CO) តាមការបញ្ជាក់ឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ ថាអ្នកទាំង០៧នាក់នេះគឺជាបក្ខពួកតែមួយដែលស្ថិតក្រោមការបញ្ជាដឹកនាំរបស់ឈ្មោះ ភឿង សុភ័ន និងឈ្មោះ នី វណ្ណារី រៀបចំផែនការធ្វើការទំនាក់ទំនងជាមួយអ្នកមានប្រាក់និងអ្នកមានមុខរបររកសុីចងការប្រាក់ឯកជន បន្ទាប់ពីមានការទំនាក់ទំនងរួចគឺឈ្មោះភឿងសុភ័ននិងឈ្មោះនី វណ្ណារី បានបញ្ជាអោយអ្នកក្រោមឱវាទទៅជួបជាមួយនិងម្ចាស់ប្រាក់ដើម្បីទទួលប្រាក់ ករណីនេះខាងម្ចាស់ប្រាក់ចង់ដឹងថានៅខ្វះលុយប៉ុន្មាន? នៅក្នុងធនាគារឯកជនមួយណា? អ្នកណាជាអ្នកកាន់ឯកសារកូនបំណលគឺគេបានឲ្យលេខទូរស័ព្ទភ្នាក់ងារ(CO)ក្លែងក្លាយ ទៅដល់ម្ចាស់ប្រាក់ទាក់ទងសួរនាំអំពីសាច់ប្រាក់របស់អតិថិជនដែលចង់ខ្ចីបង់ផ្ដាច់និងការផ្ដល់កម្ចីអោយបន្ដវិញ ក្រោយទទួលបានប្រាក់រួចគឺត្រូវយកប្រាក់មកប្រគល់ឲ្យឈ្មោះភឿង សុភ័ន និងឈ្មោះនី វណ្ណារី ដោយទទួលបានកំរៃមួយចំនួនពីការដើរតួរសម្ដែងក្លែងបន្លំ មុនដំបូងក្រុមនេះដើរស៊ើបរកអ្នកមានប្រាក់ រួចទៅទាក់ទងរបៀបខ្ចីប្រាក់រយៈពេលខ្លី ២-៣ថៃ្ងសងវិញផ្ដល់ការប្រាក់ ខ្ពស់រួចចាប់ផ្ដើមបញ្ជូនមនុស្សទៅខ្ចីបន្ដបន្ទាប់ធ្វើឲ្យម្ចាស់លុយមានការជឿទុកចិត្ដឈានដល់ការឆបោកតែម្ដង ឆ្លើយរកលេសនេះ លេសនោះថាធនាគារកំពុងជាប់បិតបញ្ជីជាដើម។
បច្ចុប្បន្នមេក្លោងឈ្មោះភឿង សុភ័ននេះទើបត្រូវ ម្ចាស់បំណុលរត់ការធានាចេញពីពន្ធនាគារខេត្ដកំពង់ស្ពឺ ដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នក្នុងអំពើឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជាង ១.០០០.០០០ (មួយលានដុល្លាអាមេរិក) និងកំពុងរងបណ្ដឹងជាច្រើនទៀតនៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញដែលម្ចាស់បណ្ដឹងខ្លះចាញ់បោកឈ្មោះភឿង សុភ័ន ម្នាក់ៗមិនតិចជា ២មុឺនដុល្លារនោះទេ។ បច្ចុប្បន្នមេក្លោងនិងជនពាក់ព័ន្ធករណីខាងលើកម្លាំងជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕