ភ្នំពេញ ៖ ស្ត្រីវ័យ៣៥ឆ្នាំម្នាក់ ត្រូវបានអ្នកនេសាទជួយសង្គ្រោះស្រង់ឡើងលើគោកទាន់ពេលវេលា បន្ទាប់ពីរូបនាងបានទុកកូនប្រុសតូចមួយ អាយុប្រហែល២ឆ្នាំ ចោលនៅលើស្ពាន ហើយបានលោតទឹកសម្លាប់ខ្លួន បានបង្កអោយមានការភ្ញាក់ផ្អើលអ្នកធ្វើដំណើរតាមផ្លូវ កាលពីវេលាម៉ោង ១និង១០នាទី ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៨ នៅចំណុចស្ពានព្រះមុនីវង្សចាស់( ស្ពានក្បាលថ្នល់) ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនចោលកូនតូចខាងលើមានឈ្មោះ ជិត ទៀង ភេទស្រី អាយុ៣៥ឆ្នាំ បច្ចប្បុន្នស្នាក់នៅ ខេត្តព្រៃវែង ហើយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ ប្ដីធ្វើបាបចិត្តខ្លាំងពេកមិនអាទ្រាំទ្របាន ទើបពរកូនប្រុសរត់ចេញេពីផ្ទះ និងជិះរថយន្តតាក់ស៊ី មកដល់ភ្នំពេញតាំងពីយប់មិញហើយដើរដេកតាមចិញ្ចើមផ្លូវ លុះនៅរសៀលនេះ ក៏បានពរកូនប្រុសឡើងលើស្ពានព្រះមុនីវង្សចាស់ ដោយ ទុកកូនប្រុសនៅលើស្ពានរួចខ្លួនក៏បានឡើងបង្កាន់ដៃស្ពានលោតចូលក្នុងទឹកគោលបំណងចង់ធ្វើអត្តឃាតតែម្តង។
ក្រោយពីមានការជួយសង្គ្រោះពីអ្នកនេសាទ សមត្ថកិច្ខបាននាំទៅកាន់ប៉ុស្តិ៍នគរបាលច្បារអំពៅ២ ដើម្បីធ្វើការសាកសួររកសាច់ញាតិ រួចក៏បានសមត្ថកិច្ចជូនដំណើរនាងទៅកាន់ស្រុកកំណើតផ្ទាល់ដើម្បីមកទទួលយកត្រឡប់ទៅផ្ទះវិញ៕