ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨។ ការអញ្ជើញបំពេញទស្សនកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ ឯ.ឧ. ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សន កិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសម្តែងការ គួរសមដាច់ដោយឡែកពី គ្នាជា មួយលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋ ឡាវ និងលោកស្រី ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។
ឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯ.ឧ. ថងលូន ស៊ីសូលីត ពិភាក្សារិះ រកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេ ភាគី ដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាជននៃប្រទេសទាំង ពីរ៕