ក្នុងខែវិច្ឆិកា សមត្ថកិច្ចឃាត់បានរថយន្តដឹកលើសទម្ងន់ ចំនួន ២៧៩គ្រឿង
ក្នុងមួយខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញនៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ បានចំនួន ២៧៩គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៥៨.៩៥០.០០០ រៀល (៥៥៨លាន ៩៥ម៉ឺនរៀល) ។
បើតាមប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៦ ខែធ្នូ បញ្ជាក់ថា បើធៀបនឹងខែតុលា បានកើនឡើងចំនួន ១១៣គ្រឿង ពោលគឺពី១៦៦គ្រឿង ក្នុងខែតុលា មក២៧៩គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់៤០តោន ៕