ជប៉ុន ៖ ក្រុមមន្ត្រីនៃប្រទេសទាំងពីរបានប្រាប់ AFP ថា ទាហានម៉ារីនអាមេរិក៦នាក់បានបាត់ខ្លួនបន្ទាប់ពីយន្តហោះយោធាអាមេរិក២គ្រឿងបានធ្លាក់នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងអំឡុងពេលប្រតិបត្តិការចុះចាក់សាំងនៅឆ្នេរសមុទ្រជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន channel news asia ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់កងម៉ារីនសហរដ្ឋអាមេរិកនៅជប៉ុនបានឱ្យដឹងថា យន្តហោះ២គ្រឿងដែលជួបឧបទ្ទវេហតុខាងលើនេះជាប្រភេទយន្តហោះចម្បាំងធុន F-18 និងយន្ដហោះផ្ទុកសាំង C-130 Tanker ត្រូវបានធ្លាក់នៅឆ្នេរប្រទេសជប៉ុននៅម៉ោង២ភ្លឺថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ (ម៉ោងក្នុងតំបន់)។
មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់ AFP យន្តហោះទាំងពីរគ្រឿងនោះ គឺហោះចេញពីមូលដ្ឋានកងទ័ពអាមេរិក Iwakuni នៅភាគខាងត្បូងប្រទេសជប៉ុន។ ចំណែកអ្នកនាំពាក្យកងកម្លាំងស្វ័យការពារជប៉ុនបាននិយាយថា ម្នាក់ក្នុងចំណោមកងម៉ារីនសហរដ្ឋអាមេរិកត្រូវបានគេជួយសង្គ្រោះ ប៉ុន្ដែសមាជិកផ្សេងទៀតនៃកងម៉ារីនពុំទាន់ត្រូវបានរកឃើញនោះទេ៕