ភ្នំពេញ ៖ ក្នុងកាលពីថ្ងៃទី៥ធ្នូ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយ ក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំប្រកាសថ្មីមួយ ស្តីពីបែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តឲ្យកាន់តែមានភាពសាមញ្ញ និងងាយស្រួល។
អន្តរក្រសួងបានឯកភាពថា ដើម្បីផ្ទេរកម្មសិទ្ធិយានយន្តបាន គឺជាម្ចាស់យានយន្ត ត្រូវទៅបំពេញសំណុំបែបបទបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ នៅទីតាំងផ្តល់សេវាដែលកំណត់ដោយអគ្គ នាយក ដ្ឋានពន្ធដារជាមុនសិន។ បន្ទាប់មក ត្រូវយកឯកសារនោះ និងឯកសារពាក់ព័ន្ធមកកាន់ ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើផ្ទេរកម្មសិទ្ធិតែម្តងជាការ ស្រេច។
សំជម្រាបថា អន្តរក្រសួង នឹងបង្កើតក្រុមការងារ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យជាមួយគ្នាទៅវិញ ទៅមក ដើម្បីចូលរួមកាត់បន្ថយពេលវេលាទទួលសេវា និងនីតិវិធីស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈផងដែរ៕