ហាណូយ ៖ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសវៀតណាមភ្លាម សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម មានការអញ្ជើញចូលរួមពីលោកនាយកលរដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍រំលឹកថា វៀតណាម និងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦ ។ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ ២០១៧ មានចំនួនប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោនៅតែបន្តអំពាវនាវ និងធានាជូនផងដែរ ដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដា-នុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា៕