ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកគ្នាប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកដល់មុខភូមិគ្រឹះសម្តេច ហ៊ុន សែន ដើម្បីធ្វើការទាមទារលក្ខខណ្ឌការងារ៣ចំណុចធំៗ ហើយក៏ត្រូវបានរារាំងពីកម្លាំងអន្តរាគមន៍ចំរុះខណ្ឌដូនពេញ។ ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ដែលស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
យោងតាមការរៀបរាប់ពីក្រុមបុគ្គលិកក្រុមហ៊ុន Bhip Globol Cambodia បានលើកឡើងថា ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ទល់មុខពេទ្យរ៉ុស្ស៊ី ហើយការមូលហេតុនៃការប្រមូលផ្តុំគ្នាមកភូមិគ្រឹះសម្តេចនេះ ដោយសារតែក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមិនមានដំណោះស្រាយការងារតាមសំណើរជូនពួកគាត់ មាន៣ចំណុចធំៗដូចជាចំណុចទី១៖ ត្រូវការឲ្យមានថ្នាក់ដឹកនាំពួកគាត់ដូចដើមវិញគឺឈ្មោះ ចន ប្រុស ទី២៖ទាមទារសិទ្ធិស៊េរីភាព ជាមួយក្រុមហ៊ុន ទី៣៖ ទាមទារអោយដក Maneger ចេញ។
ទោះយ៉ាងណាការទាមទាររបស់ក្រុមបុគ្គលិកប្រមាណជាង៣០០នាក់នៅមុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានរារាំងពីកងកម្លាំងអន្តគមន៍ចំរុះខណ្ឌដូនពេញ និងមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដោយបានអនុញ្ញាតអោយមានតំណាងក្រុមហ៊ុនចូលរួមដោះស្រាយបញ្ហានៅលើតុ ដោយមិនបណ្តោយឈរទាមទារយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវ តែចំពោះលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ៕