ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន និងក្រុមមេដឹកនាំប្រទេសឡាវ បានឯកភាពគ្នា បន្តស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ ដោយស្នើឲ្យរដ្ឋាភិបាលបារាំង ផ្ញើឯកសារព្រំដែន និងផែនទីរវាងប្រទេសទាំងពីររួមទាំងអ្នកជំនាញ ដើម្បីសម្រួលដល់ការដោះស្រាយបញ្ចប់ការខ្វែងគំនិតគ្នាលើការកំណត់ខណ្ឌសីមានៃប្រទេសទាំងពីរ។
សម្ដេច ហ៊ុន សែន បានលើកឡើងថា នៅមានសេសសល់ប្រមាណ ១៤% ទៀតនៃបញ្ហាព្រំដែន ដែលត្រូវដោះស្រាយបញ្ចប់ ជាពិសេសនៅក្នុងតំបន់អូរតាង៉ាវ ដែលប្រទេសទាំងពីរនៅមិនទាន់ដោះស្រាយនៅឡើយ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងពីបំណងក្នុងការចង់ប្រែក្លាយតំបន់ព្រំដែនទាំងអស់នៅជាប់ប្រទេសកម្ពុជា ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ សម្រាប់មនុស្សជំនាន់ក្រោយៗ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ប្រទេសទាំងពីរបានចាត់ទុកតំបន់អូរតាង៉ាវ ជាតំបន់ដែលមិនទាន់បានដោះស្រាយ ដោយផ្តោតទៅលើលក្ខខណ្ឌចំនួនប៣ ៖ ទី១ គឺគ្មានវត្តមានកងទ័ពនៃប្រទេសទាំងពីរនៅតំបន់នោះ។ ទី២ គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ និងទី៣ នៅពេលចុះត្រួតពិនិត្យ គឺភាគីទាំងពីរត្រូវតែធ្វើរួមគ្នា រួមទាំងលើគោក ផ្លូវទឹក និងផ្លូវអាកាស៕