ខេត្តបាត់ដំបង ៖ ករណីសិស្សសាលាវិទ្យាល័យស្រុកថ្មគោល ជាង៦០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងមូលហេតុទេ។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី៧ ខែធ្នូ ២០១៨ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបឋមពីក្រុមគ្រូពេទ្យជួយសង្គ្រោះបានអោយដឹងថា សិស្សានុសិស្សប្រមាណជា ៦៧ នាក់នៅវិទ្យាល័យថ្មគោលបានដួលសន្លប់ជាបន្តបន្ទាប់ទាំងមិនដឹងមូលហេតុត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។
សូមបញ្ជាក់ថា ករណីខាងលើនេះដែរ គេនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ដោយជំហានដំបូង ខាងក្រុមគ្រូពេទ្យបានសន្និដ្ឋានថា គឺអាចបណ្តាលមកពី ពួកគាត់ខំរៀនលើសកម្លាំង ហូបទឹកមិនគ្រប់គ្រាន់ និងមួយវិញទៀត ទទួលរងនូវសម្ពាធអាកាសធាតុក្តៅខ្លាំង ទើបធ្វើឲ្យមានអាការៈដួលសន្លប់តៗគ្នាបែបនេះ។
ទោះជាយ៉ាងនេះក្តី សិស្សានុសិស្សទាំងអស់នោះ ក្រោយពីបញ្ជូនមកសង្គ្រោះ ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យយ៉ាងយកចិត្តទុកដាក់ រហូតមកដល់ពេលនេះ មួយចំនួនធំបានជាសះស្បើយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ និងមួយចំនួនតូច នៅបន្តសម្រាកក្នុងមន្ទីរពេទ្យបន្តទៀតនៅឡើយ ហើយគ្មានសិស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ ដោយ ៖ សុផល