ខេត្តបាត់ដំបង ៖ ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យចាត់ការតាមច្បាប់ បន្ទាប់ពីបានរកឃើញថាលក់ប្រេងមិនគ្រប់លីត្រ និងបន្លំគុណភាពជាលើកទីពីរ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន៩កន្លែង នៅក្នុងខេត្តបាត់ដំបង ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ។
មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ និងដេប៉ូទាំង ៩កន្លែងផងដែរ ហើយជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថាក្នុងចំណោមស្ថានីយ និងដេប៉ូទាំង៩កន្លែង មានចំនួន៥ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ គឺលក់មិនគ្រប់លីត្រ រួមមាន ៖
១.ដេប៉ូ SOKIMEX ឆៃ លី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
២.ដេប៉ូ តេលា ហេង ឆៃលី ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
៣.ដេប៉ូ តេលា ទួល ចារ ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
៤.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី ស្រុកព្រែកព្រះស្តេច
៥.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង។
ចំណែក ស្ថានីយ និងដេប៉ូចំនួន២ លក់មិនគ្រប់លីត្រ និងបន្លំគុណភាព មាន ៖
១.ដេប៉ូ LHR ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំ អន្លង់វិល ស្រុកសង្កែ
២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង។
នៅពេលនោះមន្ត្រីជំនាញបានឲ្យម្ចាស់ ស្ថានីយ និងដេប៉ូចំនួន ៤កន្លែង ធ្វើកិច្ចសន្យាកែតម្រូវភាព មិនអនុលោម លើកទី១ ។
ដោយឡែកស្ថានីយ និងដេប៉ូចំនួន៣កន្លែងទៀត មានដូចជា ៖
១.ស្ថានីយ សូគីម៉ិច ស៊ុន ឃីម ស្ថិតនៅឃុំចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២.ស្ថានីយ សាវីម៉ិច រ៉ុង ប៉ុក ឃុំដំណាក់ហ្លួង ក្រុងបាត់ដំបង
៣.ស្ថានីយ តេលា ផ្លូវបំបែកប៉ៃលិន ឃុំវត្តគរ ក្រុងបាត់ដំបង ត្រូវបានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ចែងតាមនីតិវិធី ក្រោយត្រូវបានរកឃើញភាពមិនអនុលោមជាលើកទី២ ។
ចំពោះតម្លៃលក់រាយមានស្ថានីយ/ដេប៉ូ ៤ផ្សេងទៀត ដែលបានលក់ប្រេងមានតម្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កំពុងទទួលការព្រមាន ៕ ដោយ ៖ សុផល