ភ្នំពេញ ៖ លោក ត្រាំ អ៊ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញនិវត្តន៍វិលត្រលប់មកដល់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Ubud ខេត្តបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ នេះបើយោងតាមហ្វសប៊ុកផេក រសប់ក្រសួងប្រៃសណីយ៍។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី TELMIN លើកទី១៧ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងបានបូកសរុបនូវសមិទ្ធផលដែលបានសម្រេចបាននៅក្នុងឆ្នាំ២០១៧កន្លងមក និងបានផ្ទេរជូនលោក Rudiantara រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងព័ត៌មានវិទ្យា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជាប្រធានដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៨ (18th TELMIN) ។
អង្គប្រជុំបានអនុម័តនូវរបាយការណ៍របស់កិច្ចប្រជុំឧត្តមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានឆ្នាំ២០១៨ (18th TELSOM) ផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩ និងបានអនុម័តផែនការការងារលើកិច្ចសហប្រតិបត្តិការជាមួយដៃគូ រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ និងសហភាពទូរគមនាគមន៍អន្តរជាតិ។
នៅក្នុងបេសកកម្មនេះ ប្រតិភូកម្ពុជាក៏បានជួបពិភាក្សាទ្វេភាគីជាមួយប្រទេសជាដៃគូមួយចំនួន និងវិស័យឯកជនមួយចំនួនដើម្បីស្វែងរកនូវកាលានុវត្តភាពវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមានកិច្ចពិភាក្សាការងារជាមួយប្រតិភូវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម ជំនួបជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េព្រមទាំងជំនួបពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានផងដែរ។
នៅក្នុងជំនួបទ្វេភាគី លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវពីបច្ចុប្បន្នភាពនៃវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅកម្ពុជា និងស្វាគមន៍ការមកបណ្តាក់ទុនវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីជម្រុញការរីកចម្រើនលើវិស័យនេះ បន្ថែមទៀត៕