ភ្នំពេញ ៖ មន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានច្រានចោលការផ្សាយរបស់ហ្វេសប៊ុកមួយ ឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) ដែលបានបង្ហោះថា សិស្សវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ជិត១០០ នាក់ បានដួលសន្លប់ដោយសារជនជាតិចិន បានជួសឈាមសិស្ស និងចាក់ថ្នាំ គឺជារឿង មិនពិត ទេ។
លោក ហេង ស៊ុនផារិទ្ធ នាយកវិទ្យាល័យថ្មគោក ឱ្យដឹងថា កាលពីថ្ងៃទី២ និង ៣ធ្នូ មានក្រុមគ្រូ ពេទ្យខ្មែរសហការជាមួយក្រុមគ្រូពេទ្យចិន ប្រមាណពី១០ ទៅ២០នាក់ ជិះឡានទូរីសចំនួន២ បានធ្វើដំណើរទៅស្រាវជ្រាវពីជំងឺបេះដូង ដោយគ្រាន់តែប្រើប្រាស់ប្រដាប់ឧបករណ៍វាស់ស្ទង់បេះដូងតែប៉ុណ្ណោះ និងមិនបានជួសឈាមនោះទេ។
ហេតុការណ៍ដួលសន្លប់នេះ បានកើតឡើងចំពោះសិស្ស ៧១នាក់ ក្នុងនោះសិស្សស្រីមាន ៧០នាក់ កាលពីថ្ងៃទី៦ និង ៧ធ្នូ ឆ្នាំ២០១៨ តែបច្ចុប្បន្ននេះ បានសះស្បើយវិញអស់ហើយ៕