ខេត្តព្រះសីហនុ ៖ បន្ទាប់ពីរដ្ឋបាលស្រុកព្រៃនប់ ចុះធ្វើកំណត់ហេតុផ្អាកការដ្ឋាន ដែលបានចាក់ដីរំលោភចំណីអូរកំបុត ជាប់ផ្លូវជាតិលេខ៤ក្នុងភូមិអូរតាសេក ឃុំអូរ ឧកញ៉ា ហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ នាពេលកន្លងមក កាលពីចុងសប្តាហ៍កន្លងទៅនេះ ការដ្ឋានបានឯកភាពកាយដីចេញវិញដោយរក្សាភាពដើម។
គួររំលឹកថា ក្រោយពីមានករណីម្ចាស់ការដ្ឋានជួសជុលអ៊ូទូក នៅឃុំទំនប់រលកស្រុកស្ទឹងហាវ ចាក់ដីលុបឆ្នេរសមុទ្រ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងមូលដ្ឋានចម្រុះ ស្រុកស្ទឹងហាវ ចុះកាយដីលុប ឆ្នេរសមុទ្រវិញ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានគូសបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ដោយមានការពន្យល់ណែនាំ ដល់តំណាងការដ្ឋាន ដែលបានចាក់ដីលប់អូរ និងបានធ្វើកំណត់ហេតុផ្អាកសកម្មភាពជាបណ្តោះអាសន្នរួចមក តំណាងក្រុមហ៊ុន ក៏បានយល់ព្រមកាយដីចេញវិញហើយ ដោយរក្សាភាពដើម ដោយបានធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពដែលឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។
លោកអភិបាលស្រុកបានបន្តថា សម្រាប់រដ្ឋបាលស្រុកព្រៃនប់ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ តែងតែស្វាគមន៍ជានិច្ចនូវការវិនិយោគ របស់អ្នកវិនិយោគគិនគ្រប់ប្រភេទ ប៉ុន្តែរដ្ឋបាលស្រុកព្រៃនប់ ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ មិនស្វាគមន៍ជាដាច់ខាតនូវការវិនិយោគទាំងឡាយណា ដែលបានធ្វើឲ្យបាត់បង់ផលប្រយោជន៍សាធារណៈ ជាពិសេសរំលោភលើដីកម្មសិទ្ធិរបស់រដ្ឋ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលបានដឹកនាំសមត្ថកិច្ចចម្រុះរបស់ខេត្ត និងស្រុកស្ទឹងហាវ អញ្ជើញពិនិត្យការដ្ឋានជួសជុលអ៊ូទូក នៅឃុំទំនប់រលកស្រុកស្ទឹងហាវ បានថ្លែងថា “តាមគោលការណ៍របស់លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានសម្រេចឲ្យម្ចាស់ការដ្ឋាន កាយយកដី ដែលចាក់ចូលសមុទ្រ ក្នុងការដ្ឋាននេះវិញ រួចតម្រូវឲ្យម្ចាស់ការដ្ឋាន ស្នើសុំច្បាប់ជាផ្លូវការ ដោយបង្ហាញពីគំរូប្លង់ត្រឹមត្រូវ ដាក់ជូនទៅកាន់អាជ្ញាធរខេត្ត ដើម្បីឲ្យផ្នែកជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ មុននឹងអនុញ្ញាត ឲ្យជួសជុលអ៊ូទូកនេះបន្តទៀត”៕