១១ខែក្នុងឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជិត ៥០ម៉ឺនតោន ធ្លាក់ចុះ ១៣ភាគរយ
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ នេះ កម្ពុជាបាននាំចេញអង្ករជិត៥០ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ ដែលបរិមាណនេះ បានធ្លាក់ចុះប្រមាណ ១៣ភាគរយ។
បើតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញអង្កររបស់លេខាធិការដ្ឋានច្រកចេញចូលតែ មួយ សម្រាប់បំពេញបែបបទនាំចេញអង្ករកម្ពុជា បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០១៨ កម្ពុជានាំចេញអង្ករបាន ៤៩៧.២៤០តោន ធ្លាក់ចុះ១៣,១ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នា កាលពីឆ្នាំ២០១៧ ដែលមានចំនួន ៥៦២.២៣៧តោន។
គួរជម្រាបថា ក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន បាននាំមុខគេ មានចំនួនជាង ១៣ម៉ឺនតោន និងបន្ទាប់ពីនោះគឺប្រទេសបារាំង ចំនួនជាង ៧ម៉ឺនតោន និងម៉ាឡេស៊ី ចំនួនជិត ៤ម៉ឺនតោន៕