ភ្នំពេញ ៖ ថ្មីៗនេះ នគរបាលនាយកដ្ឋានប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលចាប់យុវជន២នាក់ មកឃុំខ្លួន២យប់ ដោយពុំឆ្លងកាត់ពីព្រះរាជអាជ្ញាតុលាការទេ និងជំរិតទារលុយបានសម្រេចចំនួន១.០០០ដុល្លា និងដកយកទូរស័ព្ទដៃ OPPO មួយគ្រឿង នោះ ពេលនេះកំពុងរងបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ។
នៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨នេះ ឪពុកយុវជនដែលត្រូវប៉ូលិសគ្រឿងញៀនចាប់ឃាត់ខ្លួន និងទារលុយចំនួន១.០០០ដុល្លារ ជាថ្នូរនឹងការដោះលែងកូនរបស់គាត់នោះ បានទៅកាន់អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ដើម្បីដាក់ពាក្យប្តឹង។
តាមសម្តីឪពុកជនរងគ្រោះមានឈ្មោះ ហៀង ចាន់ដារ៉ា អាយុ៥៥ បច្ចុប្បន្នស្នាក់នៅភូមិចា ឃុំក្រវ៉ា ស្រុកបារាយ ខេត្តកំពុងធំ បានរៀបរាប់បានអោយដឹងថា យុវជនទាំង២នាក់ខាងលើ ទី១-ឈ្មោះ ជួន គន្ធា ភេទប្រុសអាយុ២០ឆ្នាំ និងទី២-ឈ្មោះ បុត នឹម ភេទប្រុសអាយុ២១ឆ្នាំ អ្នកទាំង២ ជាបងប្អូនជីដូន១នឹងគ្នា បានចេញពីស្រុកកំណើតមកធ្វើការសំណង់នៅភ្នំពេញ។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ ឪពុករបស់ពួកគេបានអះអាងប្រាប់បណ្តាញអ្នកសារព័ត៌មាន ថា៖ កូន និងក្មួយទាំងពីរនាក់ ត្រូវបាននគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួននៅចំណុច គល់ស្ពានក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមនិងម៉ូតូ១គ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ យកមកឃុំខ្លួន នៅបន្ទប់០០៩ នៃការិយាល័យប្រឆាំងគ្រឿងញៀន ក.៤ នៃអគ្គស្នងការនគរបាលជាតិ ខណៈពួកគេឈប់សប់កង់ម៉ូតូ។
ប្រភពនេះបន្តថា ក្រោយពេលចាប់ខ្លួនភ្លាមប៉ូលិសបាន ជំរិតទារ លុយ២.០០០ដុល្លា ជាថ្នូរនឹងកាដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែដោយគ្រួសារពួកគេមិនសូវសំបូរលុយទើបមានការតថ្លៃគ្នា តាំងពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ទើបត្រូវថ្លៃគ្នាត្រឹម១.០០០ដុល្លារ។
ប្រភពនេះបន្តថា ក្រុមគ្រួសារ គាត់ក៏ដើរចងការលុយគេ យកមកប្រគល់ឲ្យប៉ូលិស ការិយាល័យគ្រឿងញៀន ក.៤ តាមកំណត់នៅព្រឹកនោះតែម្ដង ដើម្បីបានកូនក្មួយទាំង២នាក់មានសេរីភាពវិញសិន យ៉ាងណាៗចាំគិតទៀត។
ប្រភពដដែលបន្តថា គាត់ប្រគល់លុយឲ្យប៉ូលិសទាំងស្រក់ទឹកភ្នែក ព្រោះកូននិងក្មួយគាត់ គ្មានកំហុសអ្វីសោះ? ។ បើថា ប្រើប្រាស់ ឬជួញដូរគ្រឿងញៀនក៏អត់ វាយតប់គេ ឬចរាចរណ៏បុកគ្នា ក៏អត់ដែរ ពិនិត្យទឹកនោមក៏គ្មាន សារធាតុញៀនរកវត្ថុតាងថ្នាំញៀនជាប់ខ្លួន ក៏មិនមានទៀត គឺគ្មានអ្វីទាំងអស់។មិនត្រឹមតែប៉ុណ្ណោះទេ ប៉ូលិសគ្រឿងញៀន ក.៤ បានយកទូរស័ព្ទម៉ាក OPPO មួយគ្រឿងពីពួកគេទៀតផង ហើយនៅពេលសួររកទូរស័ព្ទវិញ ស្រាប់តែប៉ូលិសគំហកថា ម៉េចស្ដាយទូរស័ព្ទនឹងចង់ជាប់គុកឬ?។
បច្ចុប្បន្នយុវជនទាំង២នាក់ ត្រូវបានប៉ូលិសប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដោះលែង អោយមានស៊េរីភាពវិញហើយ តែមិនមានទូរស័ព្ទប្រើទេ ឯលុយក៏ជំពាក់គេទៀត ដែលពេលនេះ កូនក្មួយកំពុងបន្តធ្វើការសំណង់ដើម្បីដោះបំណុលគេជាបណ្ដើរៗ។
ប្រភពដដែលបន្តថា ក្នុងនោះផងដែរ គ្រួសារគាត់សម្រេចដាក់ពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅថា ACU ដើម្បីអង្គភាពមួយនេះ មានចំណាត់ការតាមច្បាប់ លើប៉ូលិសគ្រឿងញៀន ក.៤។
ចំពោះការចោទប្រកាន់ខាងលើនេះ មិនអាចទាក់ទងសុំការបកស្រាយណាមួយ ពីខាងការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យទី៤ (ក.៤) នៃអគ្គស្នងការនគរបាលជាតិ បាននៅឡើយទេ៕ (ឪពុកយុវជនមកប្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ)