FIFA ៖តាមការផ្សាយរបស់វិទ្យុអេប៊ីស៊ី បានឲ្យដឹងថា លោក David Gallop នាយកប្រតិបត្ដិនៃកីឡាបាល់ទាត់សហព័ន្ធអូស្ដ្រាលីបានទៅដល់ក្រុង Zurich ប្រទេសស្វ៊ីសហើយជាទីដែលស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA កំពុងតែដោះស្រាយវិបត្ដិធំបំផុតមួយក្នុងប្រវត្ដិសាស្ដ្រកីឡានេះ។
ក្រសួងយុត្ដិធម៌សហរដ្ឋអាម៉េរិកបានដាក់បទចោទលើមនុស្ស១៤នាក់ ដែលក្នុងនោះមាន៩នាក់ជាមន្ដ្រី និងអតីតមន្ដ្រីអង្គការ FIFA ពីបទប្រព្រឹត្ដិសកម្មភាពទុច្ចរិត, លាងលុយកខ្វក់ និងកេងបន្លំប្រាក់។
អាជ្ញាធរអាម៉េរិកនិយាយថា ការស៊ើបអង្កេតរបស់អាជ្ញាធរស្វ៊ីសលើអ្នកពាក់ព័ន្ធទាំង៩នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកីឡាចំនួន៥ បង្ហាញអំពីការពាក់ព័ន្ធនឹងរឿងពុករលួយក្នុងទឹកប្រាក់ជាង១៥០លាន ដុល្លារអាម៉េរិក។
ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មីត្រូវធ្វើឡើងនៅថ្ងៃយប់សុក្រស្អែកនៅប្រទេសស្វ៊ីស ហើយតំណាងប្រទេសអូស្ដ្រាលីចូលរួមការបោះឆ្នោតគឺលោក David Gallop និងប្រធានកីឡាបាល់ទាត់សហព័ន្ធអូស្ដ្រាលីលោក Frank Lowy។
លោក Gianni Infantino អគ្គលេខាធិការកីឡាបាល់ទាត់អឺរ៉ុបនិយាយថា ការបោះឆ្នោតនេះ គួរតែត្រូវគេពន្យារពេលសិន។
នៅ អូស្ដ្រាលីឯណេះវិញលោក Nick Xenophon សមាជិកព្រឹទ្ធសភាឯករាជ្យអូស្ដ្រាលីកំពុងទាមទារឲ្យមានការដេញថ្លៃ ឡើងវិញលើការប្រកួតដណ្ដើមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា បាល់ទាត់ពិភពលោកសម្រាប់ឆ្នាំ២០២២។
រឿងអាស្រូវពុករលួយនេះ បានជំរុញឲ្យមានការអំពាវនាវហៅឲ្យសើរើឡើងវិញចំពោះការសម្រេច ផ្ដល់ឲ្យរុស្ស៊ី និងកូតាធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភព លោកឆ្នាំ២០១៨ និងឆ្នាំ២០២២៕
ស្នាក់ការកណ្ដាលរបស់ FIFA នៅក្រុង Zurich (Credit: AFP)