កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រសហ គ្រាសចំនួន២៣ ដែលបានរៀបចំឡើងនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦.៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារ ក្នុងមួយឆ្នាំ។
គួរជម្រាបថា ពិធីសំណេះសំណាលនៅថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ នៅក្នុងខេត្តកំពង់ស្ពឺ។ បើតាមគម្រោងរបស់សម្តេចតេជោ នៅសល់ជំនួបចំនួន១លើកទៀត ទើបបញ្ចប់ជុំទី១ បៅក្នុងខេត្ត កំពង់ស្ពឺនេះ៕