ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសជួបសំ ណេះសំណាលជាមួយ កម្មកកម្មការិនីនៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺជិត២ម៉ឺននាក់ នាថ្ងៃទី១២ ខែធ្នូនេះ បានជំរុញអោយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសិក្សាលទ្ឋភាពកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ វិស័យសំណង់ ការដ្ឋានកសិកម្ម សេវាកម្ម និងអ្នកធ្វើការតាមផ្ទះតបតាមសំ ណើមេដឹកនាំសហជីពធំៗនៅកម្ពុជាកាលពីថ្ងៃទី១០ ខែធ្នូ កន្លងមកនេះ។
បើតាមសម្តេចតេជោ ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកម្មការិនីបំរើការងារក្រៅប្រព័ន្ឋ ជាយន្តការរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងបញ្ជៀសការកេងប្រវ័ញ្ច កំលាំងពលកម្ម និងដើម្បីផ្តល់លទ្ឋភាពមួយអោយរាជរដ្ឋាភិបាលអាចដឹងពីចំណូលរបស់ពលរដ្ឋ ព្រមទាំងអាចដាក់ចេញវិធានការចាំបាច់នានាដើម្បីធានាផ្តល់ផលប្រយោជន៍ជារួមដល់ពួកគេផងដែរ។
តាមរយៈលិខិតអបអរសាទររបស់ក្រុមសហជីពធំៗនៅកម្ពុជា ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ បានស្នើទៅរាជរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាធំៗ ៦ចំណុច ក្នុងនោះក្រុមសហជីពបានស្នើឱ្យរាជរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យសំណង់និងសេវាកម្មផងដែរ៕