ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដបន្ដការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបន្ដខិតខំប្រឹងប្រែង ដើម្បីអោយប្រជានកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធ សេចក្តីថ្លៃថ្នូ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុដុមរមនា។
ថ្លែងក្នុងពិធីអបអសាទរទិវា ជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១២ កាលពីសៀលថ្ងៃទី ១២ ខែធ្នូ នេះ នៅសាលមហោស្របកោះពេជ្រ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្ដេជ្ញាចិត្ដទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឲ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតិ្ដឲ្យជនល្មើសមានឱកាសពង្រីកសកម្មភាពបង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះ។
លោកបញ្ជាក់ថា បទល្មើសជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុត ដល់មនុស្សជាតិ ជាពិសេស ក្នុងចំណោមពលករទេសន្ដរអន្ដោប្រវេសន៍ ដែលបានចាកចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេងចាស់ប្រុសស្រីដោយមិនរើសមុខ។
ម្យ៉ាងវិញទៀត ជនល្មើសកាន់តែប្រហើន មានកលល្បិចកាន់តែខ្ពស់ មានណ្ដាញប្រទាក់ក្រឡាគ្នាកាន់តែស្មុកស្មាញ ឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ និងមានប្រព័ន្ធទាក់ទងកាន់តែទំនើបដែលបង្កការលំបាកដល់សមត្ថកិច្ច និងរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធនានា ក្នុងការបង្ក្រាប និងផ្ដន្ទាទោសជនល្មើសអោយមានប្រសិទ្ធភាព។
លោកបន្ដថា ដើម្បីអោយប្រជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធ សេចក្តីថ្លៃថ្នូ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុដុមរមនានេះ ដោយរួមសហកាជាមួយបណ្ដាដៃគូពាក់ព័ន្ធនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមគ្នាបង្ក្រាបការជួញដូរមនុស្សគ្រប់រូបភាព និងផន្ទាទោសជនល្មើសអោយកាន់តែម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ និងលុបបំបាត់ប្រសិទ្ធភាពបទល្មើស។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានអំពាវនាវដល់បណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ ដែលបានចុះហត្ថលេខារួមគ្នាលើអនុស្សរណ និងកិច្ចព្រមព្រាងទ្វេភាគី ពហុភាគី ដើម្បីរួមគ្នាប្រឆាំងអំពើជួញដូរមនុស្ស គប្បីជំរុញការអនុវត្ដន៍អោយមានប្រសិទ្ធភាព និងរួមគ្នាពិនិត្យលើចំណុចខ្វះខាតនៃកាអនុវត្ដ ហើយរួមគ្នាកែលម្អអោយបានទាន់ពេលវេលា៕