ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចផ្តល់ប្រាក់កម្ចីប្រមាណ ៧០លានដុល្លារសម្រាប់កែលម្អ និងលើកកម្ពស់គុណភាពលើកំណាត់ផ្លូវជាតិលេខ១ និងលេខ ៦។
ពិធីចុះហត្ថលេខាទទួលប្រាក់កម្ចីនេះធ្វើឡើងរវាង ឯ.ឧ ស៊ុន ចាន់ថុល រដ្ឋ
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ADB នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការឱ្យដឹងថា ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿងទៅបាវិតពីកម្រាលកៅស៊ូ DBST នាពេលបច្ចុប្បន្នទៅជាកម្រាលកៅស៊ូ AC។
ចំណែកកំណាត់ផ្លូវជាតិលេខ៦វិញ គឺត្រង់ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ ACស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញ។កំណាត់ផ្លូវទាំងពីរនេះ នឹងធ្វើការលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើរយៈពេល ៥៤ខែ ហើយនឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣៕