ខេត្តសៀមរាប ៖ ថវិកាជំនួយប្រមាណជិត២០ម៉ឺនដុល្លាអាមេរិកពីអង្គការដៃគូអាប៉ូប៉ូ គាំទ្រក្នងវិស័យបោសសំអាតមីន ត្រូវបានអង្គភាព ស៊ីម៉ាក់ រៀបចំប្រគល់ជូន ដើម្បីអនុវត្តន៍គំរោងបោសសំអាតមីននៅខេត្តសៀមរាប។
កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានរៀបចំពិធីចុះហត្ថលេខារវាងទទួលកញ្ចប់ថវិការវាងអង្គភាពស៊ីម៉ាក់កម្ពុជាCMAC និងអង្គការ APOPO ធ្វើឡើងនៅទីបញ្ជាការ ស៊ីម៉ាក់ រាជធានីភ្នំពេញ ដែលគម្រោងនេះនឹងត្រូវអនុវត្តន៏រយ:ពេល ១២ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រតិបតិ្តការបោសសំអាតតំបន់ចំការមីនស្ថិតនៅខេត្តសៀមរាប។
អគ្គនាយកនៃអង្គភាពស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ថា នេះជាលើកទី២ ហើយដែលអង្គការអាប៉ូប៉ូ បន្តគាំទ្រវិស័យកម្ចាត់មីននៅកម្ពុជា ដែលលើកទី១នៅខេត្តព្រះវិហារ ក្នុងនោះការមុខឈានដល់ការបោសសម្អាតមីន គឺអង្គការអាប៉ូប៉ូជាអង្គការមួយដែលមានជំនាញបង្កាត់ និងបង្ហាត់កណ្តុរ ដើម្បីរាវមីន ដោយក្នុងនោះ នឹងមានកណ្តុរ ៤០នឹងប្រើប្រាស់សម្រាប់គម្រោង នាពេលខាងមុខនេះ។
គួរបញ្ជាក់ដែរថា អង្គការ APOPO មានមូលដ្ឋាននៅប្រទេសប៊ែលហ្សិក ហើយសត្វកណ្តុរបានបង្កាត់នៅទីពិសោធន៍នៃប្រទេសអាហ្វ្រិក ហើយការដោះមីនរបស់សត្វកណ្តុរ គឺគ្រាន់តែឱយសញ្ញាចំនុចសង្ស័យ មានជាតិផ្ទុះ ឬហិតរកក្លិនជាតិផ្ទុះ រីឯការរាវមីនជាក់លាក់ត្រូវប្រើឧបករណ៍រកស្រូបជាតិដែកតាមបច្ចេកវិទ្យាទំនើប៕