ភ្នំពេញ ៖ តំបន់ជាច្រើននៅទូទាំងកម្ពុជា នឹងមានអាកាសធាតុត្រជាក់ខ្លាំងជាទូទៅចាប់ផ្តើមចុះត្រជាក់ខ្លាំងនៅក្រោយថ្ងៃទី២៥ ខែធ្នូ ហើយអូសបន្លាយរហូតដល់ចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៩ ទើបប្តូរទៅរកសីតុណ្ហភាពដើមឡើងមកវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់ឲ្យ ដឹងនៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៨ ថា ដល់ត្រឹមថ្ងៃទី២៥ខែធ្នូ ស្ថានភាពអាកាសធាតុជាទូទៅនៅតំបន់ទំនាបកណ្តាលមិនទាន់មានអ្វីប្រែប្រួលទេ តែតំបន់ខ្ពង់រាប ដូចជា ខេត្តមណ្ឌលគីរី រតនគីរី សីតុណ្ហភាពបានចាប់ផ្តើមចុះនាំឲ្យអាកាសធាតុត្រជាក់ខ្លាំងបណ្តើៗហើយ។
មន្ត្រីដដែលបន្តថា ចាប់ពីក្រោយថ្ងៃទី២៥ ខែធ្នូ សីតុណ្ហភាពជាទូទៅចាប់ចុះហើយ និងត្រជាក់ខ្លាំងជាងបណ្តាឆ្នាំមុនៗនៅចុងឆ្នាំនេះ។ ស្ថានភាពអាកាសធាតុត្រជាក់ ដែលមានការប្រែប្រួលខ្លះនេះ អូសបន្លាយពេលរហូតដល់ចុងខែមករា ឬដើមខែកុម្ភៈ គឺត្រជាក់មានរយៈពេលវែងជាងឆ្នាំមុនៗ។
លោក ចាន់ យុត្ថា ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពភ្លៀងរដូវវស្សាលែងមានហើយសម្រាប់ឆ្នាំនេះ ទឹកភ្លៀងមាននៅសេសសល់តិចតួច តែប៉ែកខាងត្បូងប្រទេសប៉ុណ្ណោះ។ ចំណែកនៅរដូវប្រាំងដែលមុននេះការព្យាករឃើញថា រាំងស្ងួតខ្លាំងនោះ អាចមានការប្រែប្រួលមកជាល្អវិញខ្លះ៕