ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះពិនិត្យប្រពន្ធ័ភ្លើងតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បន្ទាប់ពីតុបតែង និងស្ថាបនារួចរាល់នៅតំបន់វិមានឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។
វិមានឈ្នះឈ្នះ នឹងត្រូវរៀបចំពិធីសម្ពោធរយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានអុចកាំជ្រួចបែប3D នាពេលរាត្រីផងដែរ ។
គួររំឭកថា នៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍បុណ្យជាតិធំៗចំនួនពីឬ គឺពិធីសម្ពោធវិមានឈ្នះឈ្នះ និងបុណ្យរំឭកខួប៧មករា។ ដោយឡែកពិធីសម្ពោធវិមានឈ្នះឈ្នះ មានរយៈពេល៣ថ្ងៃរួមនឹងពិធីឆ្លងឆ្នាំសកល ដែលនៅឱកាសនោះក៏មានស្តង់ដាក់តាំងបង្ហាញសមិទ្ធផលតាមក្រសួងនានា និងផលិតផល ផ្សេងៗប្រមាណ៦០០ស្តង់ផងដែរ៕