ខេត្តព្រះសីហនុ ៖ ទឹកកខ្វក់ ឬទឹកស្អុយ ដែលកន្លងមកបានហូរចូលសមុទ្រ ដោយមិនឆ្លងកាត់អាចម្រោះទឹកស្អាតជាមុន នឹងលែងមានបញ្ហាចោទទៀតហើយ ព្រោះថាពេលនេះ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ចំនួន ៥កន្លែង ផ្សេងៗគ្នា នាទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីបំលែង ឬចម្រោះទឹកស្អុយ ជាមុនៗ ឱ្យហូរចូលទៅក្នុងសមុទ្រ។
នេះជាការបញ្ជាក់របស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងឱកាសចុះទៅពិនិត្យមើលសកម្មភាព នៃការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់១កន្លែងក្នុងចំណោម ៥កន្លែង មានទីតាំងនៅខាងក្រោយសណ្ឋាគារ សុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យ៉ាងណាក៏ដោយ លោក យន្ត មីន បញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ខាងលើនេះរួចរាល់ អាចនឹងកាត់បន្ថយការហូរទឹកស្អុយ ហូរចូលសមុទ្របានជាង ៩០% នៅរដូវប្រាំង ប៉ុន្តែចំពោះនៅរដូវវស្សាវិញ គឺមិនអាចកាត់បន្ថយការហូរទឹកស្អុយចូលសមុទ្រ ស្ទើរទាំងស្រុងដូចខែប្រាំងនោះទេ៕