ភ្នំពេញ ៖ កម្ពុជា បានបើកឱ្យដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យតាមផ្លូវអាកាស (ACCU) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
លោក គុណ ញឹម អះអាងថា នេះជាការិយាល័យដំបូងបង្អស់នៅអាស៊ាន បន្ទាប់ពីគម្រោងការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់បណ្តាអាកាសយានដ្ឋានអន្តរជាតិ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក Russel Bash តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោក Mark Stanley មន្ត្រីសម្របសម្រួលប្រចាំតំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់ការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាផងដែរ៕