ខេត្តកំពង់ស្ពឺ ៖មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះឡសម្ងួតស្រួវមួយកន្លែងស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ នេះ មានករណីផ្ទុះឡសម្ងួតស្រូវបណ្តាលឲ្យស្លាប់កម្មករបម្រើការងារក្នុងនោះ ចំនួន២នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន៤នាក់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ។ គ្រោះថ្នាក់នេះកើតឡើងខណៈ ក្រុមកម្មករទាំងនោះកំពុងតែបំពេញការងារហើយស្រាប់ឡបានផ្ទុះឡើងបង្កគ្រោះថ្នាក់តែម្តង។របាយការណ៍ដដែលបន្តថា ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុមហ៊ុន ហ្គោលឌិនរ៉ាយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុង ភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បាននិយាយអោយដឹងតាមទូរសព្ទ័ថា ពិតជាមានករណីផ្ទុះឡសម្ងួតស្រូវបណ្តាលអោយស្លាប់កម្មករ២នាក់និងរងរបួសចំនួន៤នាក់ពិតប្រាកដមែន។ លោកថា នៅមុនពេលកើតហេតុនោះ គឺក្រុមកម្មករមកបំពេញការងារដូចសព្វមួយដងគឺ ពេលនោះស្រាប់តែផ្ទុះឡសម្ងួតស្រូវខាងលើបណ្តាលអោយមានមនុស្សស្លាប់ និងរបួសគួរឲ្យរន្ធត់តែម្តង។
លោក សម សាមួន ស្នងការ បន្តថា អ្នកស្លាប់ទី១មានឈ្មោះ អេង ចន្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រោលខៀវ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងម្នាក់ទៀតមានឈ្មោះ យឿ យ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ចំណែកអ្នករងរបួសទី១ឈ្មោះ ងួន ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ទី២ ឈ្មោះ ឌី រ៉ាច់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ពានទំលាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ទី៣ មានឈ្មោះ ស៊ុន សុវណ្ណារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ និងទី៤ មានឈ្មោះ សូ ខៀវ ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
គួរកត់សម្គាល់ថា អ្នករងរបួសធ្ងន់ធ្ងរទាំង៤នាក់ ត្រូវបានបញ្ជូនយកទៅព្យាបាលអស់ហើយ ប៉ុន្តែចំពោះសាកសពជនរងគ្រោះ ភាគីក្រុមហ៊ុនមិនអនុញ្ញាតអោយសមត្ថកិច្ច និងអ្នកសារព័ត៌មានចូលថតរូបឡើយ ហើយយកសពទៅលាក់ទុកព្យាយាមបិទបាំងរឿងថែមទៀតផង តែព្យាយាមទាក់ទងទៅរកសាច់ញាតិក្រុមគ្រួសារសព ដើម្បីធ្វើការសម្របសម្រួលដោះស្រាយក្រៅប្រពន្ធ័ច្បាប់ទៅវិញ៕