ភ្នំពេញ ៖ បុរស៥នាក់ ក្នុងចំណោមបុរស ៦ទៅ ៧នាក់ ដែលជាជាងមាស បានរបងរបួស ខណៈចូលទៅផឹកស៊ី នៅក្នុងភោជនីដ្ឋានម្ហូបខ្មែរគាប់ចិត្ត នៅម្តុំផ្សារសាំហាន់ សង្ស័យទាក់ពាក្យសំដីគ្នា រហូតឈានទៅដល់ធ្វើការវាយគ្នាឡើងផ្អើលពេញមុខហាង មានខ្លះរបួសទៀតផង ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែទី១។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទី រំលងអាធ្រាត្រឈានចូលថ្ចៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវផ្សារសាំហាន់ នៅចំណុចភោជនីដ្ឋានម្ហូបខ្មែរគាប់ចិត្ត ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ច បានអោយដឹងថាមុនពេលកើតហេតុភាគីទាំងសងខាងសរុបទាំងអស់ ៦ ទៅ៧នាក់ នេះសុទ្ធតែជាមិត្តភ័ក្រដែលរកស៊ីធ្វើជាងមាសជាមួយគ្នា ហើយពួកគេទាំងអស់នោះ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេ នៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ ម្ហូបខ្មែរគាប់ចិត្ត លុះពេលដែលផឹកស៊ី និងច្រៀងរួចរាល់ហើយ ក៏គិតលុយ ប៉ុន្តែមិនដឹងថាភាគីទាំងសងខាងនេះ គាត់ទាក់ពាក្យសំដីគ្នារឿងអ្វីទេ ស្រាប់ទាញយកកែវចានគុប និងវៃគ្នានៅក្នុងបន្ទប់ខារ៉ាអូខេ រហូតឈានទៅដល់របួសរៀងៗខ្លួន ទើបត្រូវបានសន្តិសុខគាត់ហាមឃាត់ មិនអោយឈ្លោះប្រកែកគ្នា។
លុះពេលដល់ឃាត់អោយចេញទៅក្រៅរួចហើយ ភាគីទាំងសងខាងបាននាំគ្នាចេញទៅក្រៅហាង រួចក៏វៃគ្នាមួយសារទៀត បង្កអោយផ្អើលទៅដល់សមត្ថកិច្ច ខណ្ឌឫស្សីកែវ ចុះមកអន្តរាគមន៍ ឃាត់នាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែ១ បន្ថែមទៀត តែសមត្ថកិច្ចមិនទាន់ឲ្យដឹងថា ខាងណាជាជនបង្ក និងខាងណាស់ជាជនរងគ្រោះនោះទេ ប៉ុន្តែឃាត់ខ្លួនបាន៥នាក់តែប៉ុណ្ណោះ ម្ខាង២នាក់បែកក្បាល និងម្ខាង៣នាក់បែកភ្នែក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់លួចថតបានពេលដែលកើតហេតុ ប្រាប់ថា គេឃើញខាងភាគី២នាក់ដែលបែកក្បាល គឺគ្នាគាត់នាំគ្នាវៃកញ្ចត់រថយន្តឡង់គ្រីស័រស៊េរីទំនើបពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2 AU 7254 បណ្តាលអោយបែកទាំងមុខ និងទាំងក្រោយ ទើបក្លាយជារឿងធំ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចបញ្ចូនបន្តទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធី៕