ភ្នំពេញ ៖ នៅឆ្នាំ២០១៨ កម្ពុជាបាននាំចូលជីគីមីកសិកម្មជាង ១លានតោនសម្រាប់បម្រើក្នុងវិស័យកសិកម្ម និងថ្នាំគីមីពុលប្រមាណ ៥ម៉ឺនតោន កើនលើសឆ្នាំមុន។
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០១៨ ជីគីមី ត្រូវបាននាំចូលដោយក្រុមហ៊ុនស្របច្បាប់សម្រាប់យកមកប្រើលើដំណាំកសិកម្មទូទៅមានប្រមាណជាង ១លានតោន គឺច្រើនជាងឆ្នាំ២០១៧ ប្រមាណ ១ម៉ឺនតោន ចំណែកថ្នាំគីមីពុលមានប្រមាន ៥ម៉ឺនតោន គឺប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៧។
លោក ភុំ រ៉ាបញ្ជាក់ថា នេះ គ្រាន់តែចំនួនបរិមាណនាំចូលរបស់ក្រុមហ៊ុនស្របច្បាប់ ដែល មាន អាជ្ញាបណ្ណតែប៉ុណ្ណោះ ពោលគឺអាចនៅមានថ្នាំពុល និងជីគីមី ជាច្រើនតោនទៀត ត្រូវបាននាំចូលដោយឥតច្បាប់តាមច្រកព្រំដែន។
គួរបញ្ជាក់ថា ក្រុមហ៊ុនមានច្បាប់នាំចូលមានប្រមាណ ១០០ក្រុមហ៊ុន តែអាចមានប្រមាណ ៥០ក្រុមហ៊ុនប៉ុណ្ណោះ ដែលរកស៊ីនាំចូលច្រើន និងសកម្មជាងគេ ក្រៅពីនេះរកស៊ីនាំចូលតិចតួចគ្រាន់តែកុំឱ្យបាត់អាជ្ញាប័ណ្ណតែប៉ុណ្ណោះ៕