រឿងប៉ូលិសអ្នកចាប់ ​តុលាការ​ព្រះវិហារ​អ្នកលែង ​ពលរដ្ឋអស់ជំនឿ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ព្រះវិហារ ៖ តុលាការខេត្ត​ព្រះវិហារ ដ៏​មហិមា​នៃ​យើង ត្រូវបាន​សង្ស័យថា កំពុងតែ​ធ្វើ​ឲ្យ​រាស្ត្រ​វិលក្បុង ឡប់​ខួរ លែង​ចង់​មាន​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ខេត្ត​នេះ​អស់ហើយ ដោយសារ​ថា មេ​ជួញដូរ​គ្រឿងញៀន​ទាំងមូល ត្រូវ​តុលា​ការចេញ​ដីកា​សម្រេច​មិន​ឃុំខ្លួន តែ​បែរជា​ឃុំខ្លួន​អ្នក​សេព​គ្រឿងញៀន​ទៅវិញ តើ​នេះ​ឬ ដែល​គេ​ថា តុលាការខេត្ត​ព្រះវិហារ ដ៏​មាន​យុត្តិធម៌ ?តាមពិតទៅ វា​ជា​នីតិវិធី​របស់​តុលាការ​មួយ​នេះ ខាង​ព័ត៌មាន​គ្មានអ្វី​ពាក់ព័ន្ធ​ឡើយ ចង់​ខាង​តុលាការ​សម្រេច​ឃុំខ្លួន ឬ​ដោះលែង​នរណា​ក៏បាន ពីព្រោះ​វា​ជា​ឆន្ទានុសិទ្ធិ​ផ្តាច់មុខ​ទៅហើយ​។

​គិតដល់​ចំណុច​នេះ គេ​នឹក​ខ្លោចចិត្ត​អាណិត​ដល់​កងកម្លាំង​សមត្ថកិច្ច​មួយចំនួន ដែល​ខិតខំ​ទាំង​ត្រដរ ប្រឹងប្រែង​មិន​គិត​យប់​ថ្ងៃ នឿយហត់ លំបាក គ្រោះថ្នាក់​អ្វី​ឡើយ ធ្វើយ៉ាងណា​ចាប់​ឲ្យ​បាន​ពួក​មេខ្លោង​ទុច្ចរិត​ជួញដូរ​គ្រឿងញៀន ដែល បំផ្លាញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៃ​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​នៅពេល​កម្លាំង​ចាប់បាន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ដល់ដៃ​ពួក​តុលាការ មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​លេចមុខ​ពួក​ជន​ទុច្ចរិត​ទាំងនោះ ចេញមក​ធ្វើ​សកម្មភាព​ជួញដូរ ដូច​អា​ដែលជា​ដដែល​។ តើន​រណា​មិន​ឆ្ងល់​ឬ​? តើ​រាស្ត្រ​ទន់ខ្សោយ​រំពឹង​ទៅលើ​យុត្តិធម៌​បាន​ដោយ​របៀប​ម៉េច​ទៅ បើ​ម្លឹ​ងៗ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ ករណី​ចែកចាយ រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត សេ​ត្ត​ព្រះវិហារ​។​

ជនសង្ស័យ​ទី​១.​ឈ្មោះ ជិន រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ទី​២.​ឈ្មោះ ឌី ធា​រុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​, ទី​៣.​ឈ្មោះ រឿន ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​បន្លែ​, ទី​៤.​ឈ្មោះ ទៀប សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ​, ទី​៥.​ឈ្មោះ ផន អ៊ិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ​, ទី​៦.​ឈ្មោះ ម៉ៅ ភា​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ គោក​ស្រឡៅ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត​, ទី​៧.​ឈ្មោះ មាន បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម និង​ទី​៨.​ឈ្មោះ សួ រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម រស់នៅ​ភូមិ​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

​ក្រោយ​ឆែកឆេរ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច ម៉ូតូ​ចំនួន ១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់ និង​សម្ភា​រៈវេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការខេត្ត​ព្រះវិហារ ។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ស្រាប់តែ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តព្រះវិហារ លោក ទៀប ស៊ីថា បានសម្រេច​ដោះលែង​ឈ្មោះ ជិន រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ឲ្យ​នៅ ក្រៅ​ឃុំ​បណ្ដោះអាសន្ន ពោលគឺ​មិន​ឃុំខ្លួន ដែល​រាស្ត្រ​ស្គាល់​ច្បាស់​ថា ជននេះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​យ៉ាង​មាំទាំ​ម្នាក់ ចេញមក​បន្ត​រកស៊ី​យ៉ាង​រំភើយ ដូច​បាយឡុកបាយឡ​ទៅវិញ ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ នៅ​ថ្ងៃទី​១៩ ខែធ្នូ ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន មិនអាច​ទាក់ទង​ទៅខាង​តុលាការខេត្ត​ព្រះវិហារ បានឡើយ​ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ដើម្បី​ស្នើសុំ​បក ស្រាយ​សំណួរ​ថា តើ​ហេតុអ្វី​បានជា​មេ​ចែកចាយ​គ្រឿងញៀន​ទាំងមូល តុលាការ​សម្រេច​មិន​ឃុំខ្លួន រីឯ​អ្នក​ផ្សេងទៀត ដែល​ត្រូវ​ចាប់ខ្លួន​ជាមួយគ្នា បែរជា​ជាប់ឃុំ ខណៈ​សមត្ថកិច្ច​អះអាងថា អ្នក​កំពុង​ត្រូវ​ជាប់ឃុំ​ទាំងនោះ ជា​ជន​សេព​គ្រឿងញៀន ឬ​អាច​ហៅ​បាន​ថា ជន រងគ្រោះ​គ្រឿងញៀន​៕