​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទីតាំង​ផលិត​ប្រេង​ខ្មៅ​គ្មាន​ច្បាប់​ម្ចាស់​រត់គេចខ្លួន​បាត់ស្រមោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ ទីតាំង​ផលិត​ប្រេង​ខ្មៅ​មួយកន្លែង​ដែល​គ្មាន​ច្បាប់ទម្លាប់​លួចលាក់​ផលិត​ជា​យូរ​ខែ ឆ្នាំ​ណាស់​មកហើយ​នោះ ពេលនេះ​ត្រូវបាន​កម្លាំង​នគរបាល​នាយដ្ឋាន ប្រឆាំង​បទល្មើស​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ពី​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ ប៉ុន្តែ​ម្ចាស់​ទីតាំង​ហាក់បីដូចជា​ដឹងខ្លួន​មុន​រត់គេចខ្លួន​បាត់ស្រមោល​។

​ប្រតិបត្តិការ​នេះ ធ្វើ​នៅវេលា​ម៉ោង​០១​និង​៣០​នាទី រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​បើតាម​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​អោយដឹងថា នៅ​មុនពេល​ចុះបង្ក្រាប​ទីតាំង​ផលិត ចម្រាញ់​ប្រេង​ខ្មៅ​គ្មាន​ច្បាប់ទម្លាប់​ខាងលើនេះ ដោយមាន​ការស៊ើបអង្កេត​យ៉ាង​យក ចិត្តទុកដាក់​ទើប កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ​បាន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច អាជ្ញាធរ មន្ទីរ​សិប្បកម្ម​ឧស្សាហ៍កម្ម​ខេត្តកំពង់ស្ពឺ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មាស រ៉ាវុធ អនុប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​វរសេនីយ៍ឯក ពីង ពៅ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​និង​មានការ​សម្រប សម្រួល​ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។

​បន្ទាប់ពី​ចុះបង្ក្រាប​រួច សមត្ថកិច្ច​ឆែកឆេរ​រកឃើញ រួមមាន ៖
១. ធុង​ខៀវ​ម៉ាក (Interrox st 50) ចំនួន​៥៤​ធុង​(​ក្នុង​១​ធុង​មាន​ចំនួន ៣៥​គីឡូក្រាម​)
២. ធុង​អា​សុ​ី​ត​ពណ៌​ប្រផេះ​(​គ្មាន​ម៉ាក​) ចំនួន ១១០​ធុង (​ក្នុង​១​ធុង​មាន​ចំនួន​១៥​គីឡូក្រាម​)
៣. ធុង​ស្តុក​ប្រេងម៉ាស៊ូត​ចំនួន ២៤​ធុង (​ចំណុះ ១​ធុង ស្មើ ៤០០​លីត្រ​)
៤. ស៊ីទែន​ស្តុក​ប្រេងម៉ាស៊ូត​ធំ មាន​ចំនួន​៤ (​ចំណុះ​១៥០០០​លីត្រ​)
៥. ស៊ីទែន​ស្តុក​ប្រេងម៉ាស៊ូត​តូច មាន​ចំនួន​៣ (​ចំណុះ ៣០០០​លីត្រ​)
៦.​រថយន្ត​ចំនួន ៣​គ្រឿង គោយន្ត ១​គ្រឿង​ផងដែរ​។​
​បច្ចុប្បន្ន​វត្ថុតាង​ខាងលើនេះ​ទាំងអស់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​រឹបអូស​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕