ភ្នំពេញ ៖ កម្ពុជានឹងត្រៀមរៀបចំពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO និងខួប ៥០ ឆ្នាំ នៃការចូលជាសមាជិក អង្គការ ILO របស់កម្ពុជា តើសមិទ្ធផលអ្វីខ្លះដែល ជាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការ ILO សម្រេចបាន។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមាន ប្រសាសន៍ នៅក្នុងកិច្ចប្រជុំត្រីភាគីថ្នាក់ជាតិរបស់គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាព នៃការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាគមនិយោជក តំណាងសហជីព តំណាងក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អគ្គស្នង ការដ្ឋាននគរបាលជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារនាពេលកន្លងមក ពាក់ព័ន្ធនឹងការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ នៅកម្ពុជា និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់នៅក្នុងអនុសាសន៍នៃរបាយការណ៍បេសកកម្មដោយផ្ទាល់ (DCM) របស់អង្គការ ILO នៅកម្ពុជា។
ជាលទ្ធផលកិច្ចប្រជុំបានសម្រេចដាក់ចេញនូវ ផែនការជាជំហានបន្តបន្ទាប់ទៀត ក្នុងការរកដំណោះស្រាយបញ្ហាលើករណីចោទប្រកាន់មេដឹកនាំសហជីព និងការពង្រឹងយន្តការក្នុង ការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្ត សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របទៅតាមបទដ្ឋានអន្តរជាតិ និងច្បាប់ជាតិជាធរមាន។
លោករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ជូនសមាជិកគណៈកម្មការជាតិ ក្នុងការការ ធានាការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈ ដោយស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យបានឆាប់រហ័ស ស្របទៅអនុសញ្ញា និងតាមបទប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា៕