កូរ៉េ ៖ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង នឹងទទួលយកពលករបរទេសចំនួន ៥,៦ម៉ឺននាក់ ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារឆ្នាំ ២០១៩ ដែលជាចំនួនដូចគ្នាទៅនឹងឆ្នាំនេះ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសនេះ។
ផែនការនេះ ប្រទេសកូរ៉េ នឹងទទួលយកពលករថ្មីចំនួន៤,៣ម៉ឺននាក់ និងពលករដែលវិលត្រឡប់មកវិញចំនួន ១,៣ម៉ឺននាក់ ដែលតួលេខនេះ បានធ្វើឲ្យចំនួនពលករថ្មី មានតិចជាងឆ្នាំ ២០១៨ ប្រហែល២.០០០ នាក់ ខណៈដែលអ្នកវិលត្រឡប់មកវិញមានច្រើនជាងមុន២.០០០ នាក់ដែរ។
ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារនេះ ពលករបរទេសម្នាក់អាចធ្វើការក្នុងប្រទេស កូរ៉េ ក្នុងរយៈពេលរហូតដល់ ៤ ឆ្នាំនិង ១០ ខែដោយកាន់ទិដ្ឋាការ E-9 ប៉ុន្តែមិនអាចចាកចេញ ឬចូលប្រទេស កូរ៉េ វិញដោយកាន់ទិដ្ឋាការដូចគ្នាក្នុងអំឡុងពេលនោះទេ។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំ និង ១០ ខែ អ្នកកាន់ទិដ្ឋាការ E-9 ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌមួយចំនួនមានសិទ្ធិចាកចេញ និងចូលប្រទេស កូរ៉េ វិញ ដើម្បីវិលត្រឡប់ទៅធ្វើការជាមួយនិយោជកចាស់របស់ពួកគេ។
គួរជម្រាបថា ពលករបរទេសប្រហែល ២៨.៨៨០ នាក់នឹងចូលទៅធ្វើការនៅប្រទេសកូរ៉េ ខាងត្បូង នៅខែមករា មេសា កក្កដា និងតុលា ដើម្បីធ្វើការងារ ក្នុងវិស័យផលិតកម្ម ក្នុងនោះ ៦០ភាគរយ នឹងចាប់ផ្តើមធ្វើនៅឆមាសទី១ ឆ្នាំក្រោយ៕