ភ្នំពេញ ៖ ចុងឆ្នាំនេះ គម្រោងវិនិយោគថ្មីៗចំនួន១១ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការ ដោយសរុបទុនវិនិយោគ ប្រមាណ២៩៦លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។
តាមរយៈ Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យធ្វើការវិនិយោគតែពុំមានការលើកទឹកចិត្ត សម្រាប់គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន XIAMENT TOBACCO (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧១កន្លែង។
ជាមួយគ្នានេះ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖
១៖ FAR EAST IMPORT EXPORT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង។
២៖ GO FRESH F & B CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ មានទុនវិនិយោគប្រមាណ ១៧.៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។
៣៖ LIEFENG OUTDOORS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦០១កន្លែង។
៤៖ LAMUES LIGHT ENTERPRISE CO.,LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌សម្រាប់តាំងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុន វិនិយោគប្រមាណ ៥.៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង។
៥៖ ALEX CORPORATION. គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ (ខេត្តកោះកុង) មករាជធានីភ្នំពេញ (ស្ថានីយបែកចាន) តាមរូបភាព សាងសង់-ដំណើរការ-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១៣៦.៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។
៦៖ LAN KAY PLASTIC TECHNOLOGY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់…” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។
៧៖ DER SHENG FA PACKAGING INDUSTRIAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បោង ប្លាស្ទិក និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។
៨៖ S.H.R.N.G INVESTMENT CO.,LTD. គម្រោងធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤.៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។
៩៖ DONGLIANG PAPER MILL INDUSTRY TECHNOLOGY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១.១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង។
១០៖ SCORPIO CAMTRIP CO.,LTD. គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២១កន្លែង៕