ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករ ថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ ជ្រលងសម្ពាធទាប និងខ្យល់មូសុងឦសាន នឹងបង្កើនឥទ្ធិពលត្រជាក់ខ្លាំងមកលើប្រទេសកម្ពុជាកម្រិតអប្បបរមា ពី ១៧ទៅ ១៩អង្សាសេ។
ការព្យាករ បញ្ជាក់ថា អាកាសធាតុនឹងចាប់ផ្ដើមចុះត្រជាក់ខ្លាំង ពិសេសនៅតាមតំបន់មួយចំនួនដូចជា ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ១៧ទៅ ១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៥ទៅ ២៦អង្សាសេ។ ដោយឡែកនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង និងខេត្តក្រចេះ សីតុណ្ហភាពអប្បបរមា មានពី២០ទៅ២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦ទៅ២៧អង្សាសេ។ចំណែកបណ្ដារាជធានីខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមា មានពី ២១ ទៅ ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៧ ទៅ ២៨អង្សាសេ។
ក្រសួងធនធានទឹក ក៏បានក្រើនរំលឹកផងដែរ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក ដើម្បីបញ្ចៀសពីបញ្ហាប្រឈមផ្នែកសុខភាព៕