ភ្នំពេញ ៖ ក្រុមហ៊ុនចិន នឹងសាងសង់ឡសម្ងួតស្រូវ អង្ករ ដែលមានសមត្ថភាពសម្ងួតស្រូវសើម១០ម៉ឺនតោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ-អង្ករស្ងួត បាន១លានតោន ដែលគម្រោងនេះ នឹងធ្វើនៅក្នុងខេត្តមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ នៅទូទាំងកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីធានាការនាំចេញអង្ករឱ្យបាន ១លានតោន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅក្នុងជំនួបភាគីចិន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ នេះ ទៅតាមអនុស្សរណៈដែលបានធ្វើឡើងជាមួយភាគីក្រុមហ៊ុនចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation បានថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយលោក ប៉ាន សូរស័ក្តិ នៅកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ថា តាមរយៈគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ នឹងអាចជួយជំរុញ និងបង្កើនការនាំចេញអង្ករកម្ពុជាទៅក្នុងទីផ្សារអន្តរជាតិ ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ។
លោកបន្តថា គម្រោងនេះនឹងអាចបង្កើនសមត្ថភាពសម្ងួត និងស្តុកស្រូវ-អង្ករ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ បង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ និងចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា ពិសេសធ្វើឱ្យតម្លៃស្រូវមានស្ថិរភាពសម្រាប់កសិករ ។
លោករដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម ក៏បានស្នើឱ្យភាគីចិន សហការជាមួយ ក្រុមហ៊ុនហ្គ្រីនត្រេដ ខិតខំធ្វើការសិក្សារៀបចំគំនូរប្លង់សាងសង់ សម្រាប់ទីតាំងនីមួយៗ ព្រមទាំងធ្វើបញ្ជីចំណាយលម្អិត សម្រាប់ការងារសាងសង់ និងការបំពាក់សម្ភារៈបរិក្ខាផ្សេងៗ ស្របតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាលបានកំណត់ និងមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចការនេះ ទៅមុខបានរលូន និងទទួលបានជោគជ័យ។
គូសបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ខណៈ ភាគីចិន តំណាងដោយក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation) បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជាមួយភាគីចិន ដោយក្រុមហ៊ុនចិន នឹងទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករនៅកម្ពុជា៕